ស្វែងយល់អំពីហិរញ្ញប្បទានសម្រាប់សហគ្រាសចាប់ដំណើរការដំបូង

មានគំនិតបង្កើតអាជីវកម្មគឺការជាការល្អ តែវាគ្រាន់តែជាការសុបិន្តមួយប៉ុណ្ណោះ ! ចាប់ផ្តើមអាជីវកម្មនោះបាន ទើបសុបិន្តនោះក្លាយជាការពិត ។

ឧបសគ្គចម្បងសម្រាប់ការចាប់ផ្តើមអាជីវកម្ម គឺហិរញ្ញប្បទាន ។ នៅពេលដែលលោកអ្នកទើបតែចាប់ផ្តើម លោកអ្នកមិនអាចទទួលបានការចាប់អារម្មណ៍និងហិរញ្ញប្បទានពីអ្នកផ្តល់កម្ចីបែបប្រពៃណីឬវិនិយោគិននៅឡើយទេ ។ ដូច្នេះលោកអ្នកនឹងត្រូវប្រឈមនឹងរិតត្បិតការចំណាយដើម្បីសន្សំប្រាក់, ការលក់ទ្រព្យសម្បត្តិ, ការខ្ចីឬចងការប្រាក់ ឬលោកអ្នកខ្លះទៀតអាចមានលទ្ធភាពស្នើសុំខ្ចីបា្រក់ពីក្រុមគ្រួសារឬមិត្តភក្តិបាន។ ដូច្នេះ ការចាប់ផ្តើមអាជីវកម្មដំបូងតែងប្រឈមនឹងហានីភ័យជាច្រើន រួមបញ្ចូលទាំងហានិភ័យនៃការក្ស័យធន និងភាពល្អក់កករក្នុងទំនាក់ទំនងជាមួយមិត្តភក្តិឬក្រុមគ្រួសារជាដើម។
ទាំងនេះគឺជាការលំបាកដែលនៅពីក្រោយការចាប់ផ្តើមអាជីវកម្ម ។ ប៉ុន្តែការណ៍ដែលអាចពុះពារការលំបាកទាំងនេះបាន នឹងធ្វើអោយលោកលេចធ្លោចេញពីហ្វូងមនុស្សដែលធ្វើការដើម្បីតែប្រាក់ខែ។
គន្លឹះសំខាន់គឺលោកអ្នកត្រូវចាប់ផ្តើមនិងពង្រីកប្រតិបត្តិការអាជីវកម្មដំបូងនេះអោយបានលឿនដល់ចំណុចដែលវិនិយោគិនខាងក្រៅអាចមើលឃើញពីសក្តានុពលនិងមានចេតនាចង់បណ្តាក់ទុនជាមួយលោកអ្នក និងមានទំនុកចិត្តលើលោកអ្នកដែលបានជំនះហានីភ័យមួយចំនួនរួចហើយមុននឹងមកដល់ចំណុចនេះ។
អាជីវកម្មមួយចំនួនអាចត្រូវបានចាប់ផ្ដើមឡើងដោយដើមទុនតិច តែអាចអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សរហូតទទួលបានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីពង្រីកនិងពង្រឹងអាជីវកម្មបានដោយគ្មានជំនួយពីវិនិយោគិនខាងក្រៅ។ តែសហគ្រិនគ្រប់រូបមិនសុទ្ធតែមានសំណាងបែបនេះទេ តែពួកគេអាចប្រើប្រាស់យន្តការហិរញ្ញវត្ថុផ្សេងៗដើម្បីសម្រេចបានលទ្ធផលប្រហាក់ប្រហែល ឬគ្រាន់បើជាងផងក៏ថាបាន ។

ផ្លូវហិរញ្ញប្បទានមួយដែលមានពេញនិយមនៅបរទេស ហើយដែលកំពុងមានពន្លកខ្លះៗនៅកម្ពុជាដែរ គឺ ភ្នាក់ងារអភិវឌ្ឍអាជីវកម្ម (business incubator) ដែលតែងព្យាយាមស្វះស្វែងរកគំនិតអាជីវកម្មដំបូងដើម្បីដាក់ទុន។ បុគ្គលឬស្ថាប័នបែបនេះ នឹងផ្តល់ជូនដល់លោកអ្នកនូវដើមទុនគ្រាប់ពូជ ជាថ្នូរនឹងការទទួលបានមួយចំណែកនៃភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោកអ្នក។ ជារឿយៗ ពួកគេនឹងនាំមកជាមួយនូវគោលការណ៍និងវប្បធម៌អាជីវកម្មស្តង់ដារខ្ពស់ ព្រមទាំងបណ្ដាញទំនាក់ទំនងដែលជាមូលដ្ឋានដើម្បីប្រែក្លាយក្រុមហ៊ុនលោកអ្នកទៅជាអាជីវកម្មដែលមានតម្លៃច្រើនលានដុល្លារបាន នៅពេលអនាគត។

នៅក្នុងពិភពហិរញ្ញវត្ថុ គេនិយមប្រើពាក្យ OPM គឺ Other People’s Money ។ ក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា អាជីវកម្មដែលប្រើប្រាស់ OPM អាចសម្រេចបានលទ្ធផលប្រសើរជាងអាជីវកម្មដែលប្រើតែ OM (Own Money) ។
ទោះជាយ៉ាងណាក៏ដោយ ជ្រើសរើសហិរញ្ញប្បទានផ្លូវណាក៏ដោយ ការណ៍សំខាន់គឺត្រូវចាប់ផ្តើមដោយមានផែនការអាជីវកម្ម(business plan) និងគម្រូអាជីវកម្ម(business model)ខ្លាំងនៅក្នុងដៃ និងត្រូវចេះស្វះស្វែងរកដំបូន្មានពីសហគ្រិនដែលមានបទពិសោធន៍ស្រាប់ និងពីអ្នកជំនាញពាក់ព័ន្ធ។
អាជីវកម្មដែលមានគម្រូអាជីវកម្មខ្លាំង និងយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវ អាចត្រូវការពេលវេលាត្រឹមតែ ៣ ទៅ ៥ ប៉ុណ្ណោះ ដើម្បីសម្រេចគោលដៅដ៏ធំធេងនឹកស្មានមិនដល់របស់លោកអ្នកបាន ។

សូមជូនពរសំណាងល្អដល់សហគ្រិនដំបូងទាំងអស់!

Leave a Reply

Your email address will not be published. Required fields are marked *