opm

ស្វែងយល់បន្ថែមអំពីការស្វែងរកទុន OPM (Other People’s Money) សម្រាប់សហគ្រាសដែលចាប់ដំណើរការដំបូង

សហគ្រិនដែលមានគម្រូអាជីវកម្ម (business model) ល្អ អាចពិចារណាស្វែងរកទុនសម្រាប់អាជីវកម្មរបស់ខ្លួនតាមវិធីដូចខាងក្រោម៖

១) វិនិយោគិនសប្បុរស (angel investor)៖ គឺបុគ្គលដែលមានទ្រព្យច្រើនហើយដែលនិយមស្វែងរកឳកាសចូលហ៊ុនជាមួយគម្រោងអាជីវកម្មថ្មីៗ ដោយផ្ដល់នូវដើមទុនគ្រាប់ពូជ ដើម្បីចាប់ផ្ដើមឬពង្រីកអាជីវកម្មដែលរំពឹងថា នឹងរីកធំធាត់លឿន ទៅថ្ងៃក្រោយ។
ជាទូទៅ ការចូលហ៊ុនរបស់ angel investor អាចទទួលបាន តាមរយៈទំនាក់ទំនង
អាជីវកម្ម ឬការណែនាំរបស់មិត្តភក្ត្រ ឬតាមរយៈការចូលរួមនៅក្នុងកម្មវិធីបង្ហាញ គម្រោងអាជីវកម្ម ដែលរៀបចំឡើងដោយអ្នកសម្របសម្រួលមួយចំនួន ។
ការចូលហ៊ុនរបស់វិនិយោគិនប្រភេទនេះច្រើននៅកម្រិតក្រោម ១០០,០០០ ដុល្លារ ហើយអត្រាសងត្រលប់ (rate of return) ដែលរំពឹងទុក ត្រូវមានកម្រិតខ្ពស់ ហើយរយៈពេលវិនិយោគរំពឹងទុក មានប្រហែល ៥-១០ឆ្នាំ ។

២) អ្នកផ្ដល់ទុនប្រថុយប្រថាន (venture capital)៖ គឺក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដែលប្រើប្រាស់ទុនខ្លួនឯងផ្ទាល់ឬទុនដែលទទួលបានពីបុគ្គលដទៃ ដើម្បីវិនិយោគនៅក្នុងក្រុមហ៊ុនដែលបានចាប់ផ្ដើមដំណើរការមួយរយៈពេល ហើយបានចង្ហាញនូវកំណើនចំណូលឬចំណែកទីផ្សារខ្ពស់ ព្រមទាំងអាចកាន់កាប់ឬដណ្ដើមចំណែកទីផ្សារបានកាន់តែច្រើនថែមទៀត ជាមួយនឹងទុនបន្ថែម។
ការវិនិយោគរបស់ venture capital អាចមានចំនួនដល់ច្រើនលានដុល្លារ និងរំពឹងនូវអត្រាសងត្រលប់ខ្ពស់ និងមានរយៈពេលវិនិយោគមិនលើស ៥-៧ឆ្នាំ ។

៣) ភ្នាក់ងារអភិវឌ្ឍអាជីវកម្ម (business accelerator ឬ incubator)៖ គឺជាបុគ្គលឬស្ថាប័នដែលផ្ដល់នូវការប្រឹក្សាយោបល់អំពីដំណើរការអាជីវកម្ម, ផ្ដល់ទុនគ្រាប់ពូជ, ផ្តល់ទីកន្លែងសម្រាប់បង្កើតឳកាសបង្កើតទំនាក់ទំនង, ហើយអាចជាទីកន្លែងដែល angel investor និង venture capital ស្វះស្វែងរកជួបសហគ្រិនសក្តានុពល ។
ការផ្ដល់ទុនពីភ្នាក់បែបនេះអាចមានកម្រិតប្រហាក់ប្រហែល ឬទាបជាងការចូលហ៊ុនរបស់ angel investor តែអាចផ្ដល់នូវចំណុចជួបប្រសព្វដែលអាចជាកាតាលីករ សម្រាប់សហគ្រិនសក្ដានុពល ឆ្ពោះទៅភាពរុងរឿងដូច Facebook ឬ Google ឬ Alibaba បាន។

បើក្រលេកមួយភ្នែក ឃើញថាវិនិយោគិនទាំងនេះដូចជាឳកាសនិយមពេក ដែលទាមទារនូវអត្រាសងត្រលប់ ដល់ជាង ១០០% ។ តែកុំភ្លេចថា ឳកាសដែលលោកអ្នកក្ស័យធនមានច្រើនណាស់សម្រាប់សហគ្រាសចាប់ដំណើរការដំបូង ដែលតាមការប៉ាន់ស្មាន មានរហូតដល់ ៥០% នៃគម្រោងអាជីវកម្មសរុប ឬលើសពីនេះផង បើតាមប៉ាន់ប្រមាណខ្លះ ។ ការចូលរួមជាមួយវិនិយោគិនទាំងនេះ នឹងធ្វើអោយការផ្សងព្រេងរបស់លោកអ្នក មានហានីភ័យផ្ទាល់ខ្លួនកាន់តែទាប (ការខាតបង់លុយផ្ទាល់ខ្លួន ឬក្រុមគ្រួសារ ឬ មិត្តភក្ដ្រ) និងមានហានីភ័យអាជីវកម្មកាន់តែទាប (ពីព្រោះវិនិយោគិនទាំងនេះនឹងទាមទារអោយលោកអ្នកមានផែនការនិងយុទ្ធសាស្ត្រច្បាស់លាស់ និងមានគោលការណ៍ដឹកនាំក្រុមហ៊ុនស្តង់ដារ)។
នេះគឺឳកាស ឈ្នះ-ឈ្នះ សម្រាប់ទាំងពីរភាគី ។

៤) នៅពេលដែលលោកអ្នកសម្រេចបាននូវគោលដៅមួយឬច្រើនខាងលើនេះហើយ លោកអ្នកអាចពិចារណាអំពីផ្លូវហិរញ្ញប្បទានផ្សេងទៀត ដូចជា មូលនិធិចូលហ៊ុនឯកជន (private equity fund) និងការបោះផ្សាយមូលបត្រជាសាធារណៈ (IPO) ដែលជំហាននេះអាចនឹងធ្វើអោយក្រុមហ៊ុនលោកអ្នក ក្លាយទៅជាសហគ្រាសដែលមានតម្លៃ រយលាន ឬពាន់ដុល្លារបាន ។ យើងខ្ញុំនឹងលើកយកប្រធានបទនេះមកបង្ហាញ
នៅពេលក្រោយ ។

ជយោ! សហគ្រិនជំនាន់ថ្មីនៅកម្ពុជា !

Leave a Reply

Your email address will not be published. Required fields are marked *