Restaurant

តើគួរចាប់ផ្ដើមអាជីវកម្មផ្នែកភោជនីយដ្ឋានឬទេ?

អាជីវកម្មផ្នែកភោជនីយដ្ឋាន គឺវិស័យសេវាកម្មដែលមានការពេញនិយមបំផុតមួយ ក្នុងចំណោមសហគ្រិននៅកម្ពុជា។

មានភោជនីយដ្ឋានច្រើនប្រភេទ ដែលដំណើរការនៅកម្ពុជា ដូចជា៖ ភោជនីយដ្ឋានលំដាប់ខ្ពស់, ភោជនីយដ្ឋានសម្រាប់ភ្ញៀវបរទេស, ភោជនីយដ្ឋានប្រភេទ Beer Garden និង ភោជនីយដ្ឋានសម័យបែបយុវវ័យ, ភោជនីយដ្ឋានបែប Internet Café និង ភោជនីយដ្ឋានតាមចិញ្ចើមថ្នល់ ជាដើម។

ភោជនីយដ្ឋានប្រភេទនីមួយៗបម្រើអតិថិជនប្រភេទផ្សេងគ្នា ជាមួយប្រភេទអាហារផ្សេងគ្នា ដោយលក់ក្នុងកម្រិតថ្លៃខុសគ្នា និងត្រូវការធ្វើ ប្រែនឌីងខុសគ្នា។

មុននឹងសម្រេចចិត្តចូលទៅក្នុងប្រភេទទីផ្សារណាមួយ សហគ្រិនគួរសួរនូវសំណួរ ៤៖

តើមានការប្រកួតប្រជែងកម្រិតណា?

យើងត្រូវចោទសួរថា តើប្រភេទទីផ្សារដែលយើងកំពុងពិចារណានោះ មានភោជនីយដ្ឋាន (អ្នកផ្គត់ផ្គង់)ច្រើនប៉ុណ្ណា? គេនីមួយៗនោះខ្លាំងប៉ុណ្ណា?

ប្រសិនបើមិនទាន់មានប្រភេទនេះនៅឡើយ ត្រូវមើលថា ពិតជាមិនដែលមានភោជនីយដ្ឋានបែបនេះ ឬក៏ធ្លាប់មាន តែបានបិទទៅវិញ? ក្នុងករណីណាក៏ដោយ ត្រូវមានការវាយតម្លៃទីផ្សារជាមុន ដើម្បីជៀសវាងការ ខាតបង់ទាំងពេលវេលា និងប្រាក់កាស។

ក្នុងករណីដែលមានភោជនីយដ្ឋានស្រាប់ហើយកំពុងតែដំណើរការល្អ នោះមានន័យថា មានតម្រូវការនៅក្នុងចំណែកទីផ្សារនេះ។ បន្ទាប់មក ត្រូវពិនិត្យចំណុចខ្លាំងនិងខ្សោយ ព្រមយុទ្ធសាស្ត្រប្រែនឌីងរបស់គេ ដើម្បីអាចត្រៀមជ្រើសរើសយុទ្ធសាស្ត្រដែលសមស្រប។

ការចូលទៅក្នុងប្រភេទទីផ្សារដែលមានស្រាប់ មានការធានាច្រើនជាង តែចាំបាច់ណាស់ ដែលលោកអ្នកត្រូវអាចឆ្លើយតបនឹងសំនួរថា តើភោជនីយដ្ឋានរបស់លោកអ្នក មានអ្វីដែលពិសេសខុសគេខ្លះ?

តើទីតាំងនេះសមស្របឬទេ?

ការវិភាគអំពីតម្រូវការនិងការប្រកួតប្រជែង ក៏ត្រូវគិតបញ្ចូលនូវទីតាំង ធ្វើអាជីវកម្មផងដែរ ។ តាមធម្មតា អតិថិជនរបស់ភោជនីយដ្ឋាន អាចជ្រើសរើសភោជនីយដ្ឋានមួយដោយសារ៖

  • ទីកន្លែង៖ ពីព្រោះទីកន្លែងនោះនៅជិតផ្ទះ ឬនៅជិតកន្លែងធ្វើការ ឬនៅជិតផ្លូវចេញឬចូលក្រុង ឬមានចំណតគ្រប់គ្រាន់ ។ល។
  • រសជាតិ ឬថ្លៃ ឬប្រភេទមុខម្ហូបជាដើម៖ ដែលក្នុងករណីនេះ អតិថិជនជ្រើសរើសភោជនីយដ្ឋានយើង ដោយសារកត្តាផ្សេងក្រៅពីទីកន្លែង។

ជាទូទៅ តែងមានអតិថិជនទាំងពីរប្រភេទនេះ ដែលតម្រូវឳ្យម្ចាស់ អាជីវកម្ម ត្រូវយកចិត្តទុកដាក់ជ្រើសរើសទីកន្លែងដែលសមស្រប ដើម្បីធានា បាននូវអតិថិជនអចិន្ត្រៃយ៍។

ទីកន្លែងក៏កំណត់ផងដែរ អំពីប្រភេទអតិថិជនសក្ដានុពលដែលមាន គុណភាពសេវាដែលរំពឹងទុក និងនយោបាយថ្លៃដែលត្រូវអនុវត្ត។

តើអាចធ្វើឳ្យខុសគេឬទេ?

បន្ទាប់ពីដឹងថាមានតម្រូវការហើយ យើងត្រូវពិនិត្យមើលថា តើយើងអាចធ្វើអ្វីឳ្យខុសគេខ្លះ ដើម្បីចៀសវាងការប្រកួតប្រជែងលើថ្លៃ។

យើងអាចដាក់ម្ហូបប្រចាំហាងដែលប្លែកគេ, យើងអាចបន្ថែមសេវាខុសគេ (ដោយថែមរបាំ, នារីរត់តុស្អាតៗ, នារីរត់តុសិចស៊ី, ភ្ញៀវអាចច្រៀងបាន ។ល។), យើង អាចរៀបចំតុបតែងខុសគេ (ថែមដើមឈើ, ថែមថូផ្កា, ថែមទ្រុងសត្វ,​ ប្រើកៅអីតុខុសគេ ។ល។)។

យើងត្រូវប្រាកដថា អ្វីដែលយើងធ្វើខុសគេនោះ នឹងបំពេញចិត្ត ឬទាក់ទាញការស្ងើចសរសើរ ឬបង្កការភ្ញាក់ផ្អើលក្នុងន័យវិជ្ជមាន ពីក្នុងចំណោមអតិថិជនសក្តានុពលមួយចំណែកណានោះដែរ។

តើមានមធ្យោបាយហិរញ្ញវត្ថុគ្រប់គ្រាន់ឬទេ?

អាជីវកម្មគ្រប់យ៉ាងត្រូវការពេលវេលាមួយរយៈ ដើម្បីខិតដល់ចំណុចរួចដើម។ តាមបទពិសោធន៍កន្លងមក មានសហគ្រាសថ្មីច្រើនណាស់ ដែល បានបរាជ័យដោយខ្វះលទ្ធភាពហិរញ្ញវត្ថុ ក្នុងការទ្រទ្រង់ប្រតិបត្តិការ រហូត ដល់ចំណុចដែលសហគ្រាសអាចរកចំណូលបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង៉ចំណាយទាំងអស់។

ជាទូទៅ អាជីវកម្មជាមួយប្រភេទអាហារថ្មី តែងត្រូវការពេលយូរ មុននឹងទៅដល់ចំណុចរួចដើម ជាងប្រភេទអាហារដែលមានតម្រូវការស្រាប់។ ដូចគ្នាដែរ ប្រភេទអាជីវកម្មដែលគ្រោងអភិវឌ្ឍជាម៉ាកយីហោថ្មី តែងត្រូវការពេលវេលាច្រើនជាង ប្រភេទអាជីវកម្មដែលអ្នកទិញមិនខ្វល់អំពីម៉ាកយីហោ។

ដូច្នេះ សហគ្រិនត្រូវមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីដំណើរការ ភោជនីយដ្ឋាននេះរហូតដល់ចំណុចរួចដើម។

សន្និដ្ឋាន

ប្រសិនបើចម្លើយរបស់លោកអ្នកវិជ្ជមានចំពោះទាំងអស់ខាងលើនោះ មានន័យថា គម្រោងអាជីវកម្មរបស់លោកអ្នកទំនងជានឹងជោគជ័យ។ បើមានចម្លើយអវិជ្ជមាន សូមពិចារណាបន្ថែម មុននឹងសម្រេចចិត្ត វិនិយោគ។

Leave a Reply

Your email address will not be published. Required fields are marked *