ក្រុមហ៊ុន ហ្វេសប៊ុក គឺជាក្រុមហ៊ុនបណ្ដាញសង្គម ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ និងចុះបញ្ជីនៅក្នុងផ្សារហ៊ុន Nasdaq តាំងពីឆ្នាំ ២០១២មក។
១. ការបង្កើតគំនិតអាជីវកម្ម
គំនិតអាជីវកម្មរបស់ហ្វេសប៊ុកគឺចាប់ផ្ដើមជាមួយនឹង៖
- ការកំសាន្តឬលេងសើច៖ ដោយបានបង្កើតនូវគេហទំព័រមួយដែលអនុញ្ញាតឳ្យសមាជិកអាចវិនិច្ឆ័យប្រៀបធៀប រូបថតរបស់និស្សិតពីររូប ថា តើនរណាស្អាតឬសិចស៊ីជាងនរណា។
- តម្រូវការទំនាក់ទំនង៖ ការលេងសើចបានវិវត្ថន៍ទៅជា គេហទំព័រដែលអនុញ្ញាតអាចបង្កើតទំនាក់ទំនងរវាងសមាជិកនៃសហគមន៍ ។ នៅមុនពេលមានបណ្ដាញសង្គមបែបនេះ ទំនាក់ទំនងរវាងបុគ្គលក្នុងក្របខណ្ឌផ្ទាល់ខ្លួន ធ្វើឡើងតាមរយៈអ៊ីម៉េល ឬតាមរយៈឆែត។
- ការកែលម្អលើផលិតផលដែលមានស្រាប់៖ Friendster និង Myspace ដែលបានចាប់ផ្ដើមដំណើរការមុន ផ្ដល់លទ្ធភាពដូចគ្នាក្នុងការបង្កើត ទំនាក់ទំនងសង្គម តែផ្ដោតលើការបង្ហាញ Profile ខ្លាំងជាង ដែលខុសពី Facebook ដែលបានផ្ដោតលើការបង្ហាញ News Feed ដែលមានលក្ខណៈសង្គមជាង។
២. ម៉ូដែលឬគម្រូអាជីវកម្ម
ម៉ូដែលអាជីវកម្មរបស់ ហ្វេសប៊ុក ឈរលើមូលដ្ឋានមួយចំនួនដូចខាងក្រោម៖
- ក្រុមហ៊ុនតម្រូវឳ្យអ្នកប្រើប្រាស់ចុះឈ្មោះ និងបន្ទាប់មក ជំរុញឳ្យអ្នកប្រើប្រាស់បង្កើតទិន្នន័យ (ដែលរួមមាន៖ រូបថត, វីដេអូ, សារផ្ទាល់ខ្លួន, ព័ត៌មាន, Like…) ដោយខ្លួនឯង។ ដូច្នេះ ក្រុមហ៊ុនទទួលបាននូវទិន្នន័យនានា ដែលជាវត្ថុធាតុដើម សម្រាប់រកចំណូល ដោយមិនអស់ចំណាយ ។
- ក្រុមហ៊ុនផ្ដល់សេវារបស់ខ្លួន ដោយមិនគិតប្រាក់ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឳ្យបានច្រើនបំផុត ដែលអាចធ្វើទៅរួច។
- យុទ្ធសាស្ត្របង្កើនអ្នកប្រើប្រាស់ដំបូង គឺឈរលើមូលដ្ឋាននៃការណែនាំ ពីមិត្តភក្ត្រ(Referral) ពោលគឺក្រុមហ៊ុនកៀរគរអ្នកប្រើប្រាស់ដំបូង ដែលជានិស្សិតនៅក្នុងសាកលវិទ្យាល័យមួយ របស់ស្ថាបនិក មុននឹងពង្រីកទៅសាកលវិទ្យាល័យផ្សេង តាមរយៈមិត្តភក្ត្រ និងមិត្តភក្ត្ររបស់មិត្តភក្ត្រ និងចុងក្រោយ បើកទូលាយដល់សាធារណជនទូទៅ។
- យុទ្ធសាស្ត្រដែលមានប្រៀបជាងគេ គឺការណែនាំមិត្ត (Friend suggestion) ដោយប្រព័ន្ធព័ត៌មានវិទ្យា ដោយឈរលើមូលដ្ឋាននៃ អ៊ីម៉េលដែលចុះឈ្មោះ, សាលាដែលបានរៀន, ទីលំនៅអតីតកាលឬ បច្ចុប្បន្ន, ចំណង់ចំណូលចិត្ត ជាដើម។
- អនុញ្ញាតឳ្យកម្មវិធីផ្សេងអាចតភ្ជាប់មកបាន ដែលលើកទឹកចិត្តឳ្យ អ្នកផ្សេងជួយផ្សព្វផ្សាយអំពីផលិតផលរបស់ក្រុមហ៊ុន។
៣. កត្តាគាំទ្រភាពជោគជ័យ
ទោះឈរលើមូលដ្ឋាននៃគំនិតនិងម៉ូដែលអាជីវកម្មខាងលើក៏ដោយ ក៏ហ្វេសប៊ុកមិនអាចជោគជ័យដែរ បើមិនមានកត្តាគាំទ្រដូចខាងក្រោម៖
- ការមកដល់នៃទូរសព្ទស្មាតហ្វូន ដែលមានកាមេរ៉ា និងភ្ជាប់ប្រព័ន្ធ អិនថើណែត ដែលអនុញ្ញាតឳ្យអ្នកប្រើប្រាស់គ្រប់គ្នា អាចបញ្ចូលឬចែករំលែកព័ត៌មានឬរូបភាពឬវីដេអូ បានភ្លាមៗនិងគ្រប់ទីកន្លែង។
- ការស្រេកឃ្លានព័ត៌មានពីសំណាក់អ្នកប្រើប្រាស់ ដែលកាន់តែលែងទុកចិត្តលើប្រព័ន្ធព័ត៌មានផ្លូវការដូចជា កាសែត ទូរទស្សន៍ជាដើម។
- ការទទួលបាននូវធនធានហិរញ្ញវត្ថុលើសលុប តាំងពីដំបូងទី សម្រាប់អភិវឌ្ឍផលិតផល និងអាជីវកម្ម។
៤. ការកៀរគរដើមទុន, តម្លៃក្រុមហ៊ុន និងសមិទ្ធិផលជាគោល
តម្លៃរបស់ក្រុមហ៊ុនហ្វេសប៊ុកប្រែប្រួលទៅតាមសមិទ្ធិផលជាគោល ដែលរំលេចឳ្យឃើញនៅតាមជុំនៃការកៀរគរទុនរបស់ក្រុមហ៊ុន ឬការដោះដូរភាគហ៊ុនចុងក្រោយ ៖
ឆ្នាំ | វិនិយោគិន | ទឹកប្រាក់ ទទួល | តម្លៃ ក្រុមហ៊ុន | សមិទ្ធិផល គោល |
Feb-04 | Creation | – | – | |
Jun-04 | Peter Thiel | 0.5M$ (10.2%) | 5M$ | Dec. 1M users |
May-05 | Accel Partners | 12.7M$ | 100M$ | Dec. 5.5M users |
Apr-06 | Meritech Capital Partners | 27.5M$ | 550M$ | Dec. 12M users |
Oct-07 | Microsoft | 240M$ (1.6%) | 15B$ | |
Nov-07 | Horizons Ventures | 60M$(0.4%) | 15B$ | Facebook Ads |
Jan-08 | European Founders Fund | 15M$ | 15B$ | |
Mar-08 | Horizons Ventures | 60M$ | 15B$ | |
May-08 | TriplePoint Capital | 100M$ | 15B$ | Aug. 100M users |
May-09 | DST Global | 200M$ | 10B$ | Sept. 300M users |
Nov-09 | Elevation Partners | 90M$ | 9B$ | |
Jun-10 | Elevation Partners | 210M$ | 24B$ | Aug. 500M users |
Jan-11 | Goldman Sachs, DST | 500M$ (1%) | 50B$ | |
May-12 | IPO | 10B$ | 104B$ | |
Dec-16 | Market Cap | 339B$ |