Finding Business Partner

ស្វែងរកដៃគូអាជីវកម្ម

ស្វែងរកដៃគូដើម្បីចាប់ផ្ដើមអាជីវកម្មអ្វីមួយ មិនដែលជាការងាយស្រួលទេ។ ការទទួលយកដៃគូអាជីវកម្មដោយមិនបានគិតវែងឆ្ងាយ អាចនឹងនាំទៅដល់ជម្លោះ និងការបរាជ័យនៃអាជីវកម្ម។

ដើម្បីជៀសវាងជម្លោះនេះ សហគ្រិនជាច្រើនបានសម្រេចចាប់ផ្ដើមដំណើរផ្សងព្រេងតែម្នាក់ឯង ។ តែមានសុភាសិតនិយាយថា “បើចង់ចាប់ផ្ដើមដំណើរលឿន សូមចាប់ផ្ដើមដំណើរម្នាក់ឯង តែបើចង់ធ្វើដំណើរឆ្ងាយ សូមធ្វើដំណើរដោយមានគ្នីគ្នា”។ នៅក្នុងការប្រកបអាជីវកម្ម ការមានសហស្ថាបនិក គឺតែងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយភាពឯកា, មានដៃគូពិភាក្សា, មានជំនាញបន្ថែម, មានការចូលរួមនិងទទួលខុសត្រូវច្រើនជាង ។ល។

ដើម្បីទទួលប្រយោជន៍ពីការមានសហស្ថាបនិកច្រើន សហគ្រិនត្រូវគិតអំពីកត្តាមួយចំនួនដូចខាងក្រោម៖

១) ការមានជំនាញបំពេញឳ្យគ្នា

ការដំណើរការអាជីវកម្មគ្រប់យ៉ាង ត្រូវការយ៉ាងហោចណាស់នូវជំនាញពីរ គឺ ប្រតិបត្តិការអាជីវកម្ម និង ការរកទីផ្សារ។

ជំនាញប្រតិបត្តិការអាជីវកម្ម សំដៅទៅជំនាញក្នុងការរៀបចំដំណើរការនៃផលិតកម្ម ពោលគឺការបំលែងពីវត្ថុធាតុដើម (ពលកម្ម ឬសារធាតុដែលជាធាតុផ្សំនៃទំនិញនិងសេវា) ទៅជាផលិតផលសម្រេច (ទំនិញឬសេវាដែលលក់ទៅឳ្យអតិថិជន)។ ដូច្នេះ ជំនាញពាក់ព័ន្ធនឹងអាជីវកម្មផ្នែកព័ត៌មានវិទ្យា គឺការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ឬការគ្រប់គ្រងដំណើរការព័ត៌មានវិទ្យា។ រីឯ ជំនាញពាក់ព័ន្ធនឹងអាជីវកម្មភោជនីយដ្ឋាន គឺការរៀបចំចាត់ចែងនិងដំណើរការភោជនីយដ្ឋាន។

ជំនាញរកទីផ្សារ សំដៅទៅជំនាញក្នុងការវេចខ្ចប់ និងទាក់ទាញអតិថិជន ឳ្យទិញផលិតផលរបស់ក្រុមហ៊ុន ។ អាជីវកម្មទាំងអស់ត្រូវតែមានបុគ្គលិក ដែលជំនាញក្នុងការកំណត់អតិថិជនគោលដៅ និងរៀបចំយុទ្ធសាស្ត្រក្នុង​ការទាក់ទាញអតិថិជនគោលដៅទាំងនោះ ។

នៅពេលដែលទំហំអាជីវកម្មកើនដល់កម្រិតមួយ ក្រុមហ៊ុននឹងត្រូវការជំនាញមួយទៀតបន្ថែមគឺ ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីរៀបចំនិងចាត់ចែងលំហូរសាច់ប្រាក់ និងការត្រៀមបម្រុងផ្សេងៗ ដែលរួមទាំងការ ត្រៀមកៀរគរការចូលហ៊ុនផងដែរ។

ដូច្នេះ បើអាចទៅរួច ការជ្រើសរើសសហស្ថាបនិក គឺគួរមើលថា តើសហស្ថាបនិកទាំងនោះ អាចនាំមកនូវជំនាញទាំងនេះឬទេ?

២) អាចមានប្រយោជន៍សម្រាប់ក្រុមហ៊ុន

ក្រៅពីជំនាញពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម សហស្ថាបនិកខ្លះគួរត្រូវបានស្វាគមន៍ផងដែរ ប្រសិនបើគាត់អាចនាំមកនូវអ្វីមួយដែលមានប្រយោជន៍សម្រាប់ក្រុមហ៊ុន ដូចជា៖ ១)បណ្ដាញទំនាក់ទំនង (networking)  ដែលមានប្រយោជន៍សម្រាប់ការលក់ ការទិញ ការកៀរគរហិរញ្ញប្បទានជាដើម, ២)តួនាទីក្នុងសង្គមនិងកេរ្តិ៍ឈ្មោះ ដែល​អាចជួយកសាងទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ ចំពោះក្រុមហ៊ុន, ៣)ធនធានដែលចាំបាច់សម្រាប់កំណើននាពេលអនាគត ជាពិសេស គឺ ធនធានហិរញ្ញវត្ថុ ។

ដូច្នេះ បើគិតគូរលើចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុនគួរស្វាគមន៍ឬអញ្ជើញ បុគ្គលម្នាក់ដែលមានតួនាទីនិងមុខមាត់នៅក្នុងសង្គម ឬមានធនធានហិរញ្ញវត្ថុច្រើន ឬមានទំនាក់ទំនងច្រើនជាមួយប្រភពហិរញ្ញប្បទានឬវិនិយោគិន និងជាពិសេស គាំទ្រទាំងស្រុង ចំពោះគម្រូអាជីវកម្មរបស់ក្រុមហ៊ុន ។

៣) មានទស្សនៈនិងយុទ្ធសាស្ត្រស្រដៀងគ្នា

មនុស្សផ្សេងគ្នា តែងមានទស្សនៈផ្សេងគ្នា ចំពោះវត្ថុមួយឬអាជីវកម្មមួយ ហើយតែងមានទំនោរដោះស្រាយបញ្ហាផ្សេងគ្នាដែរ។

ត្រូវចងចាំថា ការធ្វើការអាជីវកម្ម គឺបណ្ដុំនៃការសម្រេចចិត្តប្រចាំថ្ងៃ ដើម្បីដោះស្រាយបញ្ហាអ្វីមួយ ឬមួយចំនួន។ ប្រសិនបើសហស្ថាបនិកមានទស្សនៈនិងយុទ្ធសាស្ត្រខុសគ្នាខ្លាំងនោះ មានន័យថា ជារៀងរាល់ថ្ងៃ សហស្ថាបនិកទាំងនោះ ត្រូវប្រឈមនឹងការឈ្លោះប្រកែកគ្នា។

តាមការសង្កេតមើលទូទៅ យុទ្ធសាស្ត្រមួយចំនួនដែលសំខាន់សម្រាប់អនាគតរបស់អាជីវកម្ម តែងតែប្រឈមនឹងការខ្វែងគំនិតគ្នា មានដូចជា យុទ្ធសាស្ត្រ​ទាក់ទាញអតិថិជន, យុទ្ធសាស្ត្រកៀងគរបុគ្គលិក, យុទ្ធសាស្ត្រកៀរគរហិរញ្ញប្បទានជាដើម។

តាមធម្មតា យុទ្ធសាស្ត្រទាំងនេះ ត្រូវកំណត់នៅក្នុងគម្រូអាជីវកម្ម និងផែនការអាជីវកម្មរបស់ក្រុមហ៊ុន តែសហស្ថាបនិកភាគច្រើន មិនយកចិត្តទុកដាក់ ក្នុងការរៀបចំ និងស្វែងរកការមូលមតិជាមុន លើគម្រូអាជីវកម្ម និងផែនការ អាជីវកម្ម នោះទេ។ សហស្ថាបនិកភាគច្រើនបានត្រឹមឯកភាពលើ ការជ្រើសរើសផលិតផល តែមិនបានស្វះស្វែងរកការឯកភាពលើ យុទ្ធសាស្ត្រនិងចំណាយទាក់ទាញអតិថិជន, យុទ្ធសាស្ត្រដាក់ថ្លៃផលិតផល, យុទ្ធសាស្ត្រទាក់ទាញនិងលើកទឹកចិត្តបុគ្គលិកជាដើម។ គួររំលឹកដែរថា ជម្រើសយុទ្ធសាស្ត្រខ្លះ នឹងបង្កឳ្យមានចំណាយឬការខាតបង់ខ្ពស់ តែមានសក្ដានុពលក្នុងការ​កៀរគរចំណូលនិងចំណេញលើរយៈពេលវែង តែជម្រើសខ្លះទៀត អាចនឹងឳ្យអាជីវកម្មចំណាយទាប តែមានសក្ដានុពលទាបក្នុងការបង្កើតប្រាក់ចំណេញផងដែរ។

ដូច្នេះ មុននឹងចាប់ផ្ដើមដំណើរការរួមគ្នា សហស្ថាបនិកសក្ដានុពលត្រូវតែប្រាកដថា ទស្សនៈនិងយុទ្ធសាស្ត្ររបស់ពួកគេដូចគ្នា ឬអាចបន្ស៊ីគ្នាបាន។

៤) មានធនធានប្រហាក់ប្រហែលគ្នា

មានអាជីវកម្មច្រើនណាស់ដែលសហស្ថាបនិកមិនអាចឯកភាពគ្នា លើការពង្រីកអាជីវកម្ម ដោយហេតុថា សហស្ថាបនិកខ្លះ ដែលមានធនធានតិច មិនមានលទ្ធភាពបង្កើនទុនដើម្បីពង្រីកអាជីវកម្មនិងមិនឯកភាពក្នុងការទទួលភាគហ៊ុនិកថ្មី ដែលនឹងធ្វើឳ្យបាត់ឳកាស ក្នុងការពង្រីកអាជីវកម្ម ឳ្យបានទាន់ពេលដែលទីផ្សារអំណោយផល។

ដូច្នេះ ជាការចាំបាច់ដែលសហស្ថាបនិកទាំងអស់មានធនធានប្រហាក់ប្រហែលគ្នា ឬឯកភាពគ្នាលើគម្រូកៀរគរហិរញ្ញប្បទានជាមុន។ នៅក្នុង សម័យបច្ចេកវិទ្យា សហស្ថាបនិកត្រូវស្វះស្វែងរកការឯកភាពលើផែនទី​បង្ហាញផ្លូវហិរញ្ញវត្ថុ (Financial Roadmap) ពីដំបូងទី ។

Leave a Reply

Your email address will not be published. Required fields are marked *