Facebook

ស្វែងយល់អំពីគម្រូអាជីវកម្មរបស់ក្រុមហ៊ុន Facebook

facebook-strategic-analysis

អាជីវកម្មអាចរីកចម្រើនលឿនឬយឺតឬគ្មានការរីកចម្រើន អាស្រ័យនឹងកត្តាជាច្រើនដូចជា៖ គម្រូអាជីវកម្ម, ប្រភពហិរញ្ញប្បទាន និងភាពអាចពង្រីកបាននៃទីផ្សារ។ គម្រូអាជីវកម្មល្អធ្វើឳ្យក្រុមហ៊ុនអាចពង្រីកចំណែកទីផ្សារបាន, ប្រភពហិរញ្ញប្បទានត្រឹមត្រូវនិងគ្រប់គ្រាន់ អនុញ្ញាតឳ្យក្រុមហ៊ុនអនុវត្តគម្រូអាជីវកម្មបានដោយមិនរអាក់រអួល និងមិនបង្កឡើងនូវចំណាយច្រើនដែលនឹងជះឥទ្ធិពលមិនល្អដល់កំណើនអាជីវកម្មនិងចំណេញភាព, ហើយទំហំទីផ្សារដែលអាចពង្រីកបាន គឺជាទំហំទីផ្សារដែលមានស្រាប់ឬទំហំទីផ្សារដែលរំពឹងថានឹងកើនដល់នាពេលអនាគតណាមួយ។

ដូច្នេះ គម្រូអាជីវកម្មគឺធាតុចូលមូលដ្ឋានដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍអាជីវកម្ម។ គម្រូអាជីវកម្មល្អ នឹងធ្វើឳ្យក្រុមហ៊ុនអាចដណ្ដើមចំណែកទីផ្សារបានឆាប់រហ័ស។ ដោយឡែក គម្រូអាជីវកម្មរបស់ Facebook ឈរមើលមូលដ្ឋាន២៖

១. ផលិតផល៖ គេហទំព័រនិងកម្មវិធីរបស់ Facebook ដំណើរការលឿនមិនសូវរអាក់រអួល អាចបង្កើនទំហំប្រតិបត្តិការដោយងាយស្រួល និងអនុញ្ញាតឳ្យកម្មវិធីផ្សេងអាចតភ្ជាប់ទៅបាន

២. ប្រភពហិរញ្ញប្បទាន៖ ក្រុមហ៊ុន Facebook ពឹងផ្អែកលើការចូលហ៊ុនពីខាងក្រៅ ដើម្បីវាយលុកដណ្ដើមចំណែកទីផ្សារ ពី ក្រុមហ៊ុន Myspace ដែលមុនឆ្នាំ២០០៨ គឺក្រុមហ៊ុនឈានមុខគេក្នុងសេវាបណ្ដាញសង្គម តែបានទទួលការចូលហ៊ុនពីខាងក្រៅត្រឹមប្រហែល ៣៨លានដុល្លារ ប៉ុណ្ណោះ ក្នុងពេលដែលក្រុមហ៊ុន Facebook បានកៀរគរការចូលហ៊ុនចំនួនប្រហែល ២,៥ ប៊ីលានដុល្លារ។

ជាមួយនឹងធនធានហិរញ្ញវត្ថុដ៏មហិមានេះ ក្រុមហ៊ុន Facebook ៖ ១)មិនពឹងផ្អែកខ្លាំងពេកលើការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ ក្នុងដំណាក់កាលដែលគូប្រកួតប្រជែងកំពុងដណ្ដើមចំណែកទីផ្សារគ្នា, ២)អាចកែលម្អនិងបន្ថែមមុខងារដល់ផលិតផលរបស់ខ្លួន, និង ៣)អាចអនុវត្តយុទ្ធនាការផ្សព្វផ្សាយវាយលុកដណ្ដើមចំណែកទីផ្សារបានដោយងាយ។ ក្រុមហ៊ុនដែលបានកើតមុន និងធ្លាប់បាននាំមុខ Facebook មានដូចជា Friendster និង MySpace បានមើលរំលងកត្តាទាំងពីរខាងលើនេះ(ផលិតផល, ប្រភពហិរញ្ញប្បទាន) ដែលធ្វើខ្លួនបរាជ័យនៅទីបញ្ចប់។

មេរៀន៖ ត្រូវព្យាយាមកែច្នៃផលិតផលនិងសេវារបស់ខ្លួនជានិច្ច ទោះជាយើងកំពុងមានចំណែកទីផ្សារធំជាងគេហើយក៏ដោយ។

ក្រៅពីចំណុចពីខាងលើ ប្រាកដជាមានចំណុចខ្លាំងផ្សេងទៀត (ជាពិសេស គឺកត្តាធនធានមនុស្ស ) ដែលនឹងត្រូវពិភាក្សានៅទីនេះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *