Funding Options

ចូលហ៊ុនបន្ថែម ឬខ្ចីលុយធនាគារ?

ជម្រើសហិរញ្ញប្បទាន៖⁣ ត្រូវការហិរញ្ញប្បទាន⁣ ដើម្បីកំណើន ឬដើម្បីស្ថិរភាព?

Funding Options

ក្នុងកិច្ចដំណើរការអាជីវកម្មមួយ លោកអ្នកតែងចោទសួរខ្លួនឯងជានិច្ច ថាតើបានប្រាក់ពីណា​ដើម្បីធ្វើអាជីវកម្ម​បន្ថែម​ផ្នែកនេះ​ឬផ្នែកនោះ ឬជួនកាល​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ដែល​កំពុង​ដំណើរការ?

ប្រសិនបើអាជីវកម្មដែលមានស្រាប់​បង្កើតបាននូវចរន្តសាច់ប្រាក់ចូលជាងសាច់ប្រាក់​ចេញ ហើយលោកអ្នក​បានសន្សំ​នូវសាច់ប្រាក់គ្រប់គ្រាន់​សម្រាប់ការពង្រីកអាជីវកម្មនេះ ប្រាកដជាគ្មានបញ្ហាទេ ។ មុននឹងសម្រេច​ជ្រើសយក​ជម្រើសណាមួយ ម្ចាស់អាជីវកម្មត្រូវឆ្លើយនឹងសំនួរពីរ ៖ ១)តើលោកអ្នកត្រូវការសាច់ប្រាក់ប៉ុន្មាន? ២)តើលោកអ្នកត្រូវការសាច់ប្រាក់នេះសម្រាប់រយៈពេលប៉ុន្មាន?

គ្រប់អាជីវកម្មទាំងអស់តែងមានចំណុចរួចដើម (Break-even point) របស់វា ដែលអាចជិតឬឆ្ងាយ ប្រែប្រួលទៅតាមទំហំទីផ្សារដែលមានឬអាចមាន, ការប្រកួងប្រជែងដែលមានឬអាចមាន, និងកម្រិតអត្រា​ចំណេញដុលដែលរំពឹងទុក ជាដើម។

ប្រភពសាច់ប្រាក់ដែលអាចទទួលបានរួមមាន៖ សាច់ប្រាក់ផ្ទាល់របស់ក្រុមហ៊ុន, ការចូលហ៊ុនបន្ថែម និងការខ្ចីបំណុល។ លោកអ្នកអាចប្រើប្រាស់ខ្លួនឯង ក្នុងស្ថានភាព​ដែលអាជីវកម្មបច្ចុប្បន្ន​មានស្ថេរភាពគ្រប់គ្រាន់និងបង្កើតបានសាច់ប្រាក់ទំនេរ ដែលលើសពីតម្រូវការទុនបង្វិលប្រចាំថ្ងៃ ហើយលោកអ្នកមិនអាចឬមិនចង់កែប្រែគោលនយោបាយគ្រប់គ្រងទ្រព្យសកម្មចរន្ដ(Current assets policy) ឬ/និងកែប្រែគោលនយោបាយគ្រប់គ្រងទ្រព្យអកម្មចរន្ដ(curreny liabilities policy)​ ដើម្បីបង្កើនសាច់ប្រាក់ទំនេររបស់ខ្លួន ។

ដូច្នេះ ក្នុងស្ថានភាពភាគច្រើន លោកអ្នកប្រាកដជាត្រូវពិចារណាថា ត្រូវបង្កើនដើមទុន ឬត្រូវខ្ចីបុលធនាគារឬបុលក្រៅផ្លួវការ។

ខ្ចីបុល

បំណុលធនាគារជាប្រភពហិរញ្ញប្បទានដែលមានការនិយមជាងគេ ហើយមានច្រើនប្រភេទ និងមានចរិតលក្ខណៈខុសៗគ្នា ។

  1. ការប្រើបណ្ណឥណទាន​ Visa ឬ MasterCard អាចឱ្យលោកអ្នកទទួលបាននូវទុនបង្វិលខ្ទង់រយដុល្លារ ទៅពាន់ដុល្លារ ដោយមិនគិតថ្លៃ ទៅតាមការព្រមព្រៀងជាមួយនឹងធនាគារដែលចេញបណ្ណ ហើយឥណទានប្រភេទនេះ ត្រូវទូទាត់សងរៀងរាល់ខែ ទៅតាមកាលកំណត់ដែលបានព្រមព្រៀងគ្នា តែអាចមានការពិន័យក្នុងករណីដែលមានការទូទាត់យឺតយ៉ាវ ។ សហគ្រាសដែលចាប់ដំណើរការដំបូង (Startups) មានការនិយមប្រើប្រាស់មធ្យោបាយនេះណាស់។
  2. កម្ចីផ្ទាល់ខ្លួន ដែលក្នុងនោះ ម្ចាស់សហគ្រាសចេញមុខស្នើសុំនិងទទួល​កម្ចី​ជំនួសក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនមិនទាន់មានលក្ខណៈស្តង់ដារគ្រប់គ្រាន់ និងមិនទាន់មានតម្លៃឥណទានគ្រប់គ្រាន់ (Creditworthiness)។
  3. កម្ចីអាជីវកម្ម ដែលក្នុងនោះ ក្រុមហ៊ុនជាអ្នកស្នើសុំនិងទទួលប្រាក់កម្ចី។ កម្ចីនេះតម្រូវឱ្យមានរបាយការណ៍ហិរញ្ញវត្ថុ(គណនេយ្យ) លើរយៈពេលមួយកំណត់។ ជាញឹកញាប់ និងជាពិសេសនៅកម្ពុជា ធនាគារតម្រូវឱ្យមានការធានាបន្ថែមពីម្ចាស់ក្រុមហ៊ុន និង/ឫការដាក់តម្កល់វត្ថុបញ្ចាំ។ កម្ចីប្រភេទនេះត្រូវការពេលវេលា ១-៣ខែ ដើម្បីទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់។

កម្ចីធនាគារមានឧបនិស្ស័យជាទុនរយៈពេលខ្លីនិងមធ្យម ដែលគួរប្រើសម្រាប់បំពេញតម្រូវការទុនបង្វិល, ប្រើនៅក្នុងខ្ទង់ប្រើប្រាស់ណាដែលរំពឹងថានឹងផ្ដល់ត្រឡប់មកវិញនូវលំហូរសាច់ប្រាក់វិជ្ជមានក្នុងរយៈពេលខ្លី និងមធ្យម ហើយក្រុមហ៊ុនមិនគួរប្រើទុនបែបនេះសម្រាប់ការវិនិយោគរយៈពេលវែងនោះទេ។

ក្រៅពីភាពងាយស្រួលបង្គួរក្នុងការស្នើសុំ⁣ កម្ចីធនាគារបង្កឡើងនូវចំណាយដែលអាចនឹងបន្ថយពន្ធលើប្រាក់ចំណេញបាន។

បង្កើនដើមទុន

ប្រសិនបើក្រុមហ៊ុនបានប្រើប្រាស់បំណុលធនាគារលើរយៈពេលច្រើនឆ្នាំជាប់គ្នា ហើយប្រាក់ចំណូលនិងប្រាក់ចំណេញរបស់លោកអ្នកមិនមានការវិវត្ថន៍ទៅមុខគួរឱ្យកត់សម្គាល់⁣ ព្រមទាំងអត្រាប្រាក់ចំណេញ(return on equity) មិនលើសអត្រាការប្រាក់សរុបលើប្រាក់កម្ចីទេ នោះមានន័យថាក្រុមហ៊ុនកំពុងប្រើប្រាស់ប្រភពហិរញ្ញប្បទានខុសហើយ។

ចំណុចវិជ្ជមាននៃការកៀរគរសាច់ប្រាក់តាមរយៈការបង្កើនដើមទុន រួមមាន៖⁣ ទទួលបានទុនគ្មានកាលកំណត់សង, មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ⁣ និងគ្មានចំណាយដូចកម្ចីនានាទេ។ គេច្រើនប្រភពហិរញ្ញប្បទានបែបនេះក្នុងដំណាក់កាលពង្រីកក្រុមហ៊ុន⁣ដូចជា⁣ នៅពេលដំណាក់កាលចាប់ដំណើរការដំបូង, បង្កើនទំហំអាជីវកម្ម, ទិញយកក្រុមហ៊ុនដទៃ ។ល។

គុណវិបត្តិមួយនៃការបង្កើនហ៊ុន⁣ គឺថា អត្រាប្រាក់ចំណេញ(return on equity) បច្ចុប្បន្ន នឹងមានទំនោរថយចុះ ប្រសិនប្រាក់ចំណេញមិនអាចកើនឡើងទាន់ទេ។ ប៉ុន្តែសម្រាប់ ក្រុមហ៊ុនក្នុងដំណាក់កាលកំណើន អ្នកវិភាគច្រើនផ្ដោតការយកចិត្តទុកដាក់ច្រើនជាង លើការវិវត្ថន៍នៃប្រាក់ចំណូលបច្ចុប្បន្ន និងប្រាក់ចំណេញរំពឹងទុកនាពេលអនាគត។

គុណវិបត្តិមួយទៀតនៃការបង្កើនហ៊ុន⁣ គឺការថយចុះជាភាគរយនៃភាគហ៊ុនដែលកាន់កាប់ដោយម្ចាស់ហ៊ុនដែលមានស្រាប់។⁣ ការណ៍នេះអនុញ្ញាតឱ្យភាគហ៊ុនខាងក្រៅអាចចូលលូកលាន់ក្នុងការដឹកនាំក្រុមហ៊ុន តាមរយៈការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាភិបាល⁣ ឬនៅក្នុងមហាសន្និបាទភាគហ៊ុនិក។ ប៉ុន្តែ ការបន្ថែមភាគហ៊ុនិកថ្មី ច្រើនអាចនាំមកបន្ថែមនូវជំនាញ,⁣ គោលការណ៍អភិបាលកិច្ចថ្មីៗ, និងទំនាក់ទំនងអាជីវកម្មជាដើម។

សន្និដ្ឋាន

ដូច្នេះ⁣ ការជ្រើសរើសប្រភពហិរញ្ញប្បទានមកប្រើប្រាស់គឺអាស្រ័យនឹងកម្មវត្ថុនៃការប្រើប្រាស់សាច់ប្រាក់,⁣ រយៈពេលនៃការប្រើប្រាស់សាចប្រាក់, ទំហំសាច់ប្រាក់ដែលត្រូវការ។ល។ កត្តាទាំងនេះគឺអាស្រ័យនឹងយុទ្ធសាស្ត្រមួយសំខាន់គឺប្រើប្រាស់សាច់ប្រាក់ដើម្បីកំណើន⁣⁣ ឬដើម្បីស្ថិរភាព។

Good luck to all those looking for funding!

Leave a Reply

Your email address will not be published. Required fields are marked *