Cash Management

អាថកំបាំងនៃការគ្រប់គ្រងសាច់ប្រាក់ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម

ការរកស៊ីខាតអាចឱ្យក្រុមហ៊ុនក្ស័យធនលើរយៈពេលវែង តែបើការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ អាចនាំឱ្យក្រុមហ៊ុនក្ស័យធន ក្នុងរយៈពេលខ្លី។

ផលវិបាកនៃការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ

ការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ មានន័យថា ក្រុមហ៊ុនមិនបានប្រើប្រាស់សាច់ប្រាក់ ដែលមានក្នុងដៃ ឱ្យមានប្រសិទ្ធភាពបំផុត ឬក្នុងករណីធ្ងន់ធ្ងរជាងនេះ គឺមិនបានដឹង ជាមុន ថាក្រុមហ៊ុននឹងអស់សាច់ប្រាក់ប្រើប្រាស់។

ការមានសាច់ប្រាក់សល់ទំនេរច្រើនពេក នាំឱ្យក្រុមហ៊ុនខាតបង់ ពីព្រោះ តម្លៃរបស់ សាច់ប្រាក់ តែងថយចុះដោយសារអតិផរណា ហើយក្រុមហ៊ុនគួរតែបានប្រើប្រាស់នោះ ដើម្បី ទទួលបានប្រយោជន៍ខ្លះ ។ ប្រសិនបើការមានសាច់ប្រាក់ច្រើនពេកនៅក្នុងគណនីសន្សំ⁣ដែល⁣ គ្មានការប្រាក់ ឬមានការប្រាក់ទាបបំផុត គឺជាការខាតបង់មួយ ។

ការអស់សាច់ប្រាក់ប្រើប្រាស់ដោយមិនបានគ្រង់ទុកមុន នឹងនាំឳ្យមាន ការខាតបង់ជាច្រើន៖

  • ចំណាយការប្រាក់ លើការចងការប្រាក់ ឬការខ្ចីប្រាក់ពីធនាគារ ដោយ មិនបានរៀបចំខ្លួនទុកមុន ដែលប្រឈមនឹងការចំណាយខ្ពស់ជាង ធម្មតា។
  • ការខាតបង់ ដែលបណ្ដាលមកពីការខកខានបំពេញកាតព្វកិច្ចទូទាត់ ជាមួយដៃគូពាណិជ្ជកម្ម ដែលរួមមាន៖ ការពិន័យ, ការបាត់បង់ឳកាសបញ្ចុះថ្លៃ, ការខូចខាតកេរ្តិ៍ឈ្មោះ ។ល។
  • អាចជាករណីមូលប្បទានបត្រគ្មានសំវិធានធន ក្នុងករណីដែលមានការទូទាត់តាមមូលប្បទានបត្រ ដែលជាទោសព្រហ្មទណ្ឌនៅកម្ពុជា ។
មូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់

ការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវ មានន័យថា នៅគ្រប់ពេលវេលា ក្រុមហ៊ុនគ្មានបញ្ហា​សល់សាច់ប្រាក់ច្រើនពេកដែលមិនផ្ដល់ចំណូល ឬ ខ្វះខាតសាច់ប្រាក់ ពោលគឺនឹងមានសាច់ប្រាក់ហូរនៅពេលមានតម្រូវការសាច់ប្រាក់ ហើយនឹងមានសាច់ប្រាក់ហូរចេញ នៅពេលមាន សំណល់សាច់ប្រាក់ឥតប្រយោជន៍។

ដូច្នេះ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវអាចព្យាករណ៍បាន នូវចលនាសាច់ប្រាក់ ប្រចាំខែ (ឬបានប្រចាំសប្ដាហ៍ រិតតែល្អ) ទាំងចេញ និងចូល ពាក់ព័ន្ធ​នឹងប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុន លើរយៈពេល ១២ខែ ឬលើសពីនេះ ហើយប៉ាន់ស្មានអំពី ប៉ាន់ស្មានអំពីលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធ។

ខែ ១ ខែ ២ ខែ ៣ ខែ ៤ ខែ ៥
ចំណាយ 120 120 116 125 120
ចំណូល 210 150 120 200 135
សមតុល្យដើមគ្រា 100 150 -10 -20 210
សាច់ប្រាក់ចេញ 130 300 120 120 115
សាច់ប្រាក់ចូល 180 140 110 350 130
សមតុល្យចុងគ្រា 150 -10 -20 210 225

ចេញពីតារាងបែបនេះ ក្រុមហ៊ុនអាចដឹងមុនអំពីតម្រូវការនិងភាពលើស នៃសាច់ប្រាក់ ហើយអាចត្រៀមដំណោះស្រាយសម្រាប់ការខ្វះខាតសាច់ប្រាក់នៅក្នុងខែ ២ និង ខែ ៣  និងត្រៀមប្រើប្រាស់សាច់ប្រាក់ដែលទំនេរ សម្រាប់ខែទី ៤ និងខែ ៥ ។

ដំណោះស្រាយនៃការគ្រប់គ្រងសាច់ប្រាក់

សម្រាប់សាច់ប្រាក់ដែលទំនេរសម្រាប់រយៈពេលវែង យើងអាចប្រាក់ប្រាស់ ដើម្បីពង្រីកអាជីវកម្មដូចជា ៖

  • បង្កើនសមត្ថភាពផលិត
  • បង្កើនទីតាំងលក់
  • បង្កើនទំនិញក្នុងស្តុក (ប្រសិនបើអាចបង្កើនការលក់) ឬ
  • កែលម្អលក្ខខណ្ឌឥណទានអតិថិជន(ប្រសិនបើការកែលម្អនេះ នឹងធ្វើឳ្យយើងបង្កើនការលក់) ជាដើម។

សម្រាប់សាច់ប្រាក់ទំនេររយៈពេលខ្លី យើងអាច៖

  • ដាក់ផ្ញើ នៅក្នុងគណនីមានកាលកំណត់នៅធនាគារ ដែលកាលកំណត់ នោះស៊ីគ្នាជាមួយរយៈពេលទំនេររបស់សាច់ប្រាក់
  • ផ្ដល់កម្ចីដែលមានហានីភ័យទាប ឬ
  • ទិញមូលបត្រដែលសន្ទនីយភាពខ្ពស់ ជាដើម។

សម្រាប់ស្ថានភាពដែលរំពឹងថាខ្វះខាតសាច់ប្រាក់រយៈពេលខ្លី យើងត្រូវត្រៀមរក ដំណោះស្រាយដូចជា៖

  • អាចត្រៀមយន្តការជំរុញទីផ្សារ ដូចជា ការបញ្ចុះថ្លៃពិសេស
  • អាចយុទ្ធនាការបញ្ចុះថ្លៃពិសេស សម្រាប់អតិថិជន ដែលបង់ថ្លៃ មុនកាលកំណត់
  • អាចកាត់បន្ថយស្តុកទំនិញខ្លះ ដែលមិនប៉ះពាល់ខ្លាំងចំពោះការលក់
  • ចរចាជាមួយធនាគារ ដើម្បីទទួលបានឥណទានរយៈពេលខ្លី ដែល អំណោយផលបំផុត (ការអាចព្យាករណ៍បានមុន នាំឳ្យក្រុមហ៊ុនអាច ចៀសវាងការប្រើប្រាស់ បន្ទាត់ឥណទាន ដែលមានចំណាយខ្ពស់)។

សម្រាប់ស្ថានភាពខ្វះខាតសាច់ប្រាក់រយៈពេលវែង យើងត្រូវត្រៀមដំណោះស្រាយដូចជា៖

  • ចរចារកម្ចីរយៈពេលវែងជាមួយធនាគារ ឬភាគីផ្ដល់កម្ចីផ្សេងទៀត
  • លក់ទ្រព្យសកម្មដែលគ្មានប្រយោជន៍ដល់ការលក់
  • ទំលាក់ចោលប្រភេទទំនិញខ្លះដែលលក់មិនសូវដាច់
  • កៀងគររកអ្នកចូលហ៊ុនបន្ថែម ។ល។

2 thoughts on “អាថកំបាំងនៃការគ្រប់គ្រងសាច់ប្រាក់ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម”

  1. ខ្ញុំនៅអត់ទាន់យល់ពីរបៀបគិតសមតុល្យដេីមគ្រាចុងគ្រា

    1. គឺជាការគណនាលំហូរសាច់ប្រាក់។ សមតុល្យចុងគ្រា⁣ត្រូវគណនា ដោយយកចំណូលនិងចំណាយ កែតម្រូវជាមួយចំណូលនិងចំណាយដែលមិនមែនសាច់ប្រាក់ ហើយនឹងការប្រែប្រួលនៃ assets និង liabilities។ អីចឹង នៅក្នុងអត្ថបទគឺជាការសន្មតទេ។

Leave a Reply

Your email address will not be published. Required fields are marked *