Sihanoukville Port

តើគួរទិញភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុឬទេ?

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ជាកំពង់ផែសមុទ្រធំជាងគេ នៅកម្ពុជា។ សហគ្រាសសាធារណៈមួយនេះ កំពុង  បោះលក់ភាគហ៊ុនរបស់ខ្លួន នៅថ្លៃ ៥០៤០៛ ក្នុង១ហ៊ុន និងគ្រោងនឹងចុះបញ្ជី នៅក្នុង ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។

ភាគហ៊ុនមួយនេះទទួលបានការចាប់អារម្មណ៍ច្រើន ពីក្នុងចំណោមវិនិយោគិន(អ្នកទិញភាគហ៊ុន) ទាំងក្នុងស្រុក និង ក្រៅស្រុក ហើយក្រុមហ៊ុនរំពឹងថានឹងអាចបោះលក់ទាំងអស់ដែលបានគ្រោង ដោយជោគជ័យ ក្នុងដំណាក់កាល IPO នេះ ។

មានចំណុចជាច្រើនដែលត្រូវពិចារណា មុននឹងសម្រេចចិត្តទិញភាគហ៊ុនមួយនេះ។

១. ចំណេញភាព

លោកអ្នកត្រូវចោទសួរថា តើក្រុមហ៊ុនមួយនេះមានប្រាក់ចំណេញគ្រប់គ្រាន់ឬទេ? តួលេខដែលម្ចាស់ភាគហ៊ុននិយមពិនិត្យមើល ដើម្បីសន្និដ្ឋានអំពីចំណេញភាពរបស់ ក្រុមហ៊ុនគឺ ប្រាក់ចំណេញក្នុងមួយភាគហ៊ុន (Earning Per Share – EPS)។ EPS ត្រូវបានគណនា ដោយយកប្រាក់ចំណេញសុទ្ធសរុប (Net Income) ចែកនឹងចំនួនភាគហ៊ុនសរុប។

ដើម្បីងាយស្រួលប្រៀបធៀបគ្នារវាងភាគហ៊ុនផ្សេងៗគ្នា ដែលតែងមានថ្លៃខុសៗគ្នា គេតែងប្រៀបធៀប EPS នឹង ថ្លៃភាគហ៊ុន ដោយយក​ ថ្លៃភាគហ៊ុន ចែកនឹង EPS។ ជាមួយ ការប្រៀបធៀបនេះ គេទទួលបាននូវ អនុបាតភីអី (P/E ratio) ដែលបង្ហាញអំពីចំនួនឆ្នាំ ដើម្បីឱ្យអ្នកទិញភាគហ៊ុន អាចស្រង់ដើមទាំងស្រុង ពីការវិនិយោគលើភាគហ៊ុននោះ។

នៅពេលដែល P/E កាន់តែខ្ពស់នោះ មានន័យថា ភាគហ៊ុនកាន់តែថ្លៃសម្រាប់អ្នកទិញ ពីព្រោះពួកគេត្រូវការ ពេលកាន់តែយូរ ដើម្បីទទួលបានដើមទុនទាំងស្រុងមកវិញ។ ក្រុមហ៊ុនដែលមិនចុះបញ្ជីនៅក្នុងផ្សារហ៊ុន តែងមានទាបជាង ក្រុមហ៊ុនចុះបញ្ជី។ ម្យ៉ាងទៀត ត្រូវចងចាំថា អនុបាតភីអ៊ី អាចប្រែប្រួលពីវិស័យមួយ ទៅវិស័យមួយទៀត ផងដែរ ពោលគឺវិស័យខ្លះមាន P/E ខ្ពស់ជាងវិស័យខ្លះទៀត។

ដូច្នេះ លោកអ្នកត្រូវមើលថា អនុបាតភីអ៊ី របស់ PAS ស្មើប៉ុន្មាន ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយ? វាមានទំនោរយ៉ាងម៉េច?

២. កំណើននៃចំណូល

ជួនកាល ក្រុមហ៊ុនមិនទាន់មានប្រាក់ចំណេញ ឬប្រាក់ចំណេញនៅទាបនៅឡើយ តែលោកអ្នកគួរតែវិនិយោគដដែល ប្រសិនបើ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលកំណើន រយៈពេលច្រើនឆ្នាំ។ ជាមួយនឹងកំណើននៃអាជីវកម្ម ប្រាក់ចំណូលនិងប្រាក់ចំណេញនឹងកើងឡើង។

ដូច្នេះ លោកអ្នកត្រូវមើលថា PAS មានកំណើន នៃចំណូលឬទេ? ឬមាន កំណើននៃអតិថិជនឬទេ?

៣. លទ្ធភាពនៃកំណើនអិចស្ប៉ូណង់ស្យែល

កំណើនអិចស្ប៉ូណង់ស្យែល (exponential growth) គឺសំដៅទៅស្ថានភាពដែល អាជីវកម្មមួយអាចបង្កើនការលក់ ដោយមិនតម្រូវឱ្យបង្កើនចំណាយ ឬមានការបង្កើនចំណាយក្នុងកម្រិតទាបជាងកំណើននៃការលក់ ដែលការណ៍នេះនឹងកាត់បន្ថយចំណាយក្នុងមួយឯកតា ផលិតកម្ម។ តាមធម្មតា កំណើនអិចស្ប៉ូណង់ស្យែល នៃចំណូល នឹងនាំមកនូវកំណើនអិចស្ប៉ូណង់ស្យែល នៃ តម្លៃ របស់ក្រុមហ៊ុននិងភាគហ៊ុន។

ដូច្នេះ មុននឹងវិនិយោគ លោកអ្នកត្រូវពិនិត្យមើលថា៖ ជាមួយនឹងធនធានដែលមានស្រាប់ តើក្រុមហ៊ុនអាចបង្កើនចំណូល ដោយមិនតម្រូវឱ្យវិនិយោគបន្ថែមឬទេ?

ប្រសិនបើរាល់ពេលដែលមានការបង្កើនការលក់ ក្រុមហ៊ុន ត្រូវប្រើកម្លាំងពលកម្មបន្ថែម និងឧបករណ៍គ្រឿងចក្របន្ថែម ក្នុងកម្រិតសមមាត្រគ្នានោះ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលកំណើនលីនេអែរ (Linear Growth)។ កំណើនលីនេអែរនៃចំណូលនឹងឱ្យមានកំណើនលីនេអែរ នៃតម្លៃភាគហ៊ុនដែរ។

ដូច្នេះ លោកអ្នកត្រូវមើលថា PAS មានកំណើន អិចស្ប៉ូណង់ស្យែល នៃចំណូលឬទេ?

៤. ភាពប្រកួតប្រជែង

កម្រិតនៃការប្រកួតប្រជែង និងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនគឺជាកត្តាកំណត់អំពីកម្រិតប្រាក់ចំណេញដុល (margin) របស់ក្រុមហ៊ុន។

ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន អាចអាស្រ័យនឹងចំណាយ ផលិតកម្ម, ចំណែកទីផ្សារដែលកំពុងកាន់កាប់, អត្រាអតិថិជនស្មោះស្មគ្រ, គម្រូអាជីវកម្មខុសប្លែកគេ ។ល។

អតិថិជនសំខាន់របស់ PAS គឺក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនផ្លូវទឹក ដែលមានជម្រើសក្នុងការដឹកជញ្ជូនទំនិញ តាមជម្រើសផ្សេងៗ ដោយគិតបញ្ចូលនូវកត្តាពីរ គឺ ថ្លៃសេវា និង ពេលវេលា។ ក្នុងន័យនេះ PAS ត្រូវប្រកួតប្រជែងនឹង កំពង់ផែស្វយ័តក្រុងភ្នំពេញ ហើយនៅរយៈពេលខាងមុខ នឹងត្រូវប្រកួតប្រជែងជាមួយកំពង់ផែក្នុងតំបន់គឺ កំពង់ផែ Lam Chabang នៅថៃ និងកំពង់ផែ Cai Map នៅវៀតណាម នៅពេលដែលប្រព័ន្ធផ្លូវដែកកម្ពុជាត្រូវបានតភ្ជាប់ជាមួយនឹងប្រព័ន្ធផ្លូវដែកថៃ និងវៀតណាម។

បច្ចុប្បន្ន PAS កាន់កាប់ប្រហែល ៣ ភាគ ៤ នៃចំណែកទីផ្សារកម្ពុជា តែ ត្រូវប្រឈមនឹងកំពង់ផែភ្នំពេញដែលមានភាពប្រកួតប្រជែងកាន់តែខ្លាំង។

ពាក់ព័ន្ធនឹងចំណាយផលិតកម្ម PAS បានកែលម្អបន្តិចម្ដងៗនូវប្រសិទ្ធភាពដំណើរការ តែនៅមានគម្លាតច្រើនធៀបជាមួយនឹងកំពង់ផែថៃ និងវៀតណាម។

៥. ការចាប់អារម្មណ៍របស់សាធារណជន

ភាគហ៊ុនរបស់ PAS ទទួលបានការចាប់អារម្មណ៏ខ្លាំងពីក្នុងចំណោមវិនិយោគិនសាធារណៈ ដែលការចាប់អារម្មណ៍បែបនេះមិនសូវបានជួបប្រទះ ទេ ក្រោយពីការចុះបញ្ជីរបស់រដ្ឋាករទឹកស្ថយ័តក្រុងភ្នំពេញ។

តាមធម្មតា ការចាប់អារម្មណ៍ច្រើនពីក្នុងចំណោមវិនិយោគិនសាធារណៈ នឹងនាំមកនូវសន្ទនីយភាព ដែលតែងខ្វះខាត ក្នុងចំណោមភាគហ៊ុន ដែលចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ។ វត្តមានរបស់វិនិយោគិនស្ថាប័ន ផ្ដល់នូវយន្តការធានាស្ថិរភាពថ្លៃ ចំណែកឯវិនិយោគិនបុគ្គល ផ្ដល់នូវទំហំជួញដូរប្រចាំថ្ងៃ។

សន្និដ្ឋាន

ទោះយ៉ាងណាក៏ដោយ  អត្រាចំណេញភាពក្នុងកម្រិតសមរម្យ និងវត្តមាននៃកំណើនអិចស្ប៉ូណង់ស្យែល ឬលីនេអែរ របស់ចំណូល គឺការ ធានាគ្រប់គ្រាន់ សម្រាប់ការវិនិយោគរយៈពេលវែងលើភាគហ៊ុនមួយ។

ខ្ញុំទុកឳ្យមិត្ត អ្នកអានសម្រេចចិត្ត ដោយខ្លួនឯង អំពីភាពអាចវិនិយោគបាន លើភាគហ៊ុនមួយនេះ និងសូមជូនពរសំណាងល្អ។

One thought on “តើគួរទិញភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុឬទេ?”

  1. Where can i buy during IPO? at broker or at PAS office? Please kindly advice.
    Looking forward to hearing your kind advice ASAP.
    Best regards!
    Mr. SENG Kosal
    0977080418

Leave a Reply

Your email address will not be published. Required fields are marked *