Phnom Penh Traffic Jam

គំនិតអាជីវកម្ម ពាក់ព័ន្ធនឹងការកកស្ទះចរាចរ

អាជីវកម្មភាគច្រើន ត្រូវបានចាប់ផ្ដើមដើម្បីដោះស្រាយអ្វីមួយ ។ ដូច្នេះ ដើម្បីស្វែងរកគំនិតអាជីវកម្ម គេនិយមសិក្សាស្វែងយល់អំពីបញ្ហា ដែល មនុស្សភាគច្រើនជួបប្រទះ ហើយរិះរកដំណោះស្រាយដែលអាចធ្វើ អាជីវកម្មបាន ។ 

នៅកម្ពុជា ក៏ដូចជា នៅក្នុងទីក្រុងធំៗក្នុងតំបន់ តែងមានការកកស្ទះចរាចរជាទៀងទាត់ ។ ការកកស្ទះទាំងនោះកើតឡើង ៖ ១)នៅពេលមានការប្រមូលផ្ដុំ ប្រជាជននៅលើផ្លូវ លើសកម្រិតសមត្ថភាពរបស់ផ្លូវ, ឬ ២)នៅពេលដែលអ្នកបើកបរមិនគោរពច្បាប់ និងបទប្បញ្ញត្តិចរាចរណ៍, ឬ ៣)គ្មានការយោគយល់គ្នា (ខ្លួនឯងទៅមុខមិនរួច តែបិទផ្លូវមិនឳ្យអ្នកផ្សេងឆ្លងកាត់)។

ការកកស្ទះចរាចរ អាចបណ្ដាលឳ្យមានបញ្ហាជាច្រើន ដែលអាចដោះស្រាយបានដោយគំនិតអាជីវកម្មមួយចំនួន(គំនិតខាងក្រោមនេះ ជាគំនិតអាជីវកម្មបឋមដែលមិនទាន់បានវាយតម្លៃទីផ្សារ និងសិក្សាអំពីចំណេញភាពនៅឡើយទេ)៖

១. ការបង្កើតផ្លូវបង់ប្រាក់

ដើម្បីអាចកាត់បន្ថយការកកស្ទះចរាចរដែលបណ្ដាលមកពីការកើនឡើងនៃយានយន្ត⁣ ដែលលើសពីសមត្ថភាពចរាចរនៃផ្លូវសាធារណៈ រដ្ឋអាចពិចារណាបង្កើនផ្លូវថ្នល់បន្ថែម ដោយ ផ្ដល់សិទ្ធិសម្បទានអាជីវកម្មទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចជាផ្លូវវៀងក្រុង ឬស្ពានអាកាសជាដើម។

អាជីវកម្មប្រភេទនេះមានសក្ដានុពលខ្ពស់ តែជាទូទៅ ត្រូវប្រឈមនឹងបញ្ហាជាច្រើន⁣ ដូចជា៖ ត្រូវការទុនវិនិយោគធំ,  ប្រឈមនឹងការដោះស្រាយផលប៉ះពាល់ច្រើនជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់, រយៈពេលសាងសង់យូរ ។ល។

២. ការដឹកជញ្ជូនតាមផ្លូវទឹក⁣⁣ ឬតាមឧទ្ធម្ភាគចក្រ

ការដឹកជញ្ជូនមនុស្សនិងទំនិញ⁣ តាមផ្លូវទឹកដោយប្រើប្រាស់ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ រំពឹងថានឹងអាចជួយសម្រួលចរាចរណ៍បានខ្លះ ប្រសិនបើមានមធ្យោបាយដឹកជញ្ជូនផ្សេងទៀតសម្រាប់តភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក នេះ។ យើងមិនទាន់ដឹងថា គម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការ រៀបចំប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក នឹងមានប្រសិទ្ធភាពកម្រិតណា ក្នុងការ កាត់បន្ថយការកកស្ទះចរាចរ នៅភ្នំពេញនៅឡើយ។

អាជីវកម្មដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រមានដំណើរការនៅក្នុងទីក្រុងធំៗមួយចំនួន⁣ ហើយអាចនឹងពិចារណាបានសម្រាប់រាជធានីភ្នំពេញ ក្នុងស្ថានភាពបន្ទាន់ខ្លះ ប្រសិនបើស្ថានភាពចរាចរកាន់តែអាក្រក់ទៅៗ ហើយការធ្វើដំណើរពីចំណុចមួយ ទៅចំណុចមួយទៀតនៃទីក្រុង ត្រូវចំណាយពេលច្រើនម៉ោង។ ដូច្នេះ⁣ ការធ្វើដំណើរទៅព្រលានយន្ដហោះ,⁣ ការធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យ, ឬការធ្វើដំណើរបន្ទាន់ សម្រាប់អ្នកជំនួញធំៗ អាចនឹងមានការពេញនិយមនាពេលអនាគត។

៣. សេវាសង្គ្រោះបន្ទាន់តាមឧទ្ធម្ភាគចក្រ

ដូចការដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រខាងលើដែរ⁣ មន្ទីរពេទ្យលំដាប់ខ្ពស់អាចមានសេវា⁣ បែបនេះ សម្រាប់តម្រូវចំពោះស្ថានភាពបន្ទាន់ ដែលអ្នកជម្ងឺចង់ទទួលបានការថែទាំ ពីគ្រូពេទ្យក្នុងអំឡុងពេលធ្វើដំណើរ និងចង់ឆាប់ទៅដល់មន្ទីរពេទ្យ ដើម្បីទទួលបានការសង្គ្រោះបន្ទាន់។

យើងឃើញមានមន្ទីរពេទ្យឯកជនលំដាប់ខ្ពស់មួយនៅភ្នំពេញ ប្រកាសចាប់ផ្ដើមដំណើរការសេវាបែបនេះហើយ។

៤. សេវាចង្អុលបង្ហាញផ្លូវ

នៅពេលស្ថានភាពចរាចរណ៍កាន់តែអាក្រក់ទៅៗ ក្រុមហ៊ុនឯកជនអាចផ្ដួចផ្ដើមផ្ដល់សេវាបង្ហាញផ្លូវតាមរយៈកម្មវិធីទូរសព្ទ សម្រាប់អ្នកប្រើប្រាស់ជាថ្នូរនឹងទូរទាត់ថ្លៃសេវាប្រចាំខែ ឬក្រុមហ៊ុនអាចរកចំណូលបានពីផ្សាយពាណិជ្ជកម្មជាដើម។

ដើម្បីអាចផ្ដល់សេវាបែបនេះបាន ក្រុមហ៊ុនត្រូវមានលទ្ធភាពអាចដឹងស្ថានភាពចរាចរ នៅគ្រប់ចំណុចទាំងអស់នៃទីក្រុង ដោយសហការជាមួយ Google ដែលមានទិន្នន័យលម្អិតអំពីស្ថានភាពចរាចរនៅតាមផ្លូវភាគច្រើន តាមរយៈកម្មវិធីជាច្រើនរបស់ខ្លួន ឬដោយសហការ⁣ ជាមួយអាជ្ញាធរពាក់ព័ន្ធដែលទទួលបន្ទុកការងារគ្រប់គ្រងចរាចរណ៍។

៥. ការផ្ដល់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើការពីចម្ងាយ

ទំហំទីក្រុងកាន់ធំ, បញ្ហាចរាចរកាន់តែធ្ងន់ធ្ងរ និងបច្ចេកវិទ្យាកាន់ទំនើប នឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរកាន់តែច្រើនអំពីភាពទន់ភ្លន់នៃម៉ោងនិងទីកន្លែងការងារ, និងអំពីការបង្កើនប្រសិទ្ធភាពការងារ ដោយប្រើប្រាស់បច្ចេកវិទ្យាអនុវត្តការងារនិង⁣ គ្រប់គ្រង ការងារពីចម្ងាយ និងស្វ័យប្រវត្តិជាដើម។

ការណ៍នេះនឹងធ្វើឱ្យតម្រូវការលើប្រព័ន្ធអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រងការងារ នឹង កើនឡើងជាលំដាប់។

នៅពេលខ្លះ និងសម្រាប់ការងារខ្លះ ក្រុមហ៊ុនអាចនឹងពិចារណាអនុវត្តភាពទន់ភ្នន់ខ្លះ⁣⁣ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយអនុញ្ញាតឱ្យបុគ្គលិកអាចបំពេញការងារពីចម្ងាយបាន(ពីផ្ទះ ឬពីហាងកាហ្វេជាដើម) ដើម្បីកាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ និងអារម្មណ៍ធុញចប់ពីការកកស្ទះចរាចរ។

ការងារខ្លះទៀតដែលមានភាពដដែលៗ ឬការងារដែលត្រូវការធាតុចូលដែលងាយស្រួលកំណត់ ហើយការសម្រេចអាចរៀបចំជាប្រព័ន្ធបាន នឹងមានទំនោរជំនួសដោយប្រព័ន្ធព័ត៌មានវិទ្យាបន្តិចម្ដងៗ។

ដូច្នេះ ការអភិវឌ្ឍកម្មវិធីព័ត៌វិទ្យា ដែលសម្រួលដល់ការអនុវត្តការងារពីចម្ងាយ, ដល់ ការគ្រប់គ្រងបុគ្គលិកពីចម្ងាយ, ដល់ការសម្រេចចិត្តពីសម្ងាយ ក៏ដូចជា ដល់ការអនុវត្ត ការងារស្វ័យប្រវត្តិ ទំនងជានឹងត្រូវសហគ្រាសអាជីវកម្ម ក៏ដូចជាស្ថាប័នផ្សេងទៀត ជ្រើសរើសយកបន្តិចម្ដងៗ។

៦. ការលក់ទំនិញអនឡាញ

ការកកស្ទះចរាចរ ក៏នឹងជំរុញឱ្យអ្នកប្រើប្រាស់ ទំនោរទៅទិញទំនិញនិងសេវា តាមប្រព័ន្ធអនឡាញផងដែរ ពិតមែនតែការទិញទំនិញតាមអនឡាញ មិនមែនបណ្ដាលមកពី ការកកស្ទះចរាចរតែមួយមុខ។

នាពេលបច្ចុប្បន្ន ការទិញលក់តាមប្រព័ន្ធអនឡាញ បានដំណើរការ⁣មាន លក្ខណៈរប៉េះរបោះ និងភាគច្រើនតាមប្រព័ន្ធបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក និង អ៊ិនស្តាក្រាមជាដើម។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ការទិញទំនិញតាមអនឡាញ នឹងចាប់ផ្ដើម រីកចម្រើន នាពេល អនាគត។

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា ប្រព័ន្ធទូទាត់អនឡាញ និងការដឹកជញ្ជូននិងប្រគល់ទំនិញ⁣នៅកម្ពុជា ទើបនឹងចាប់ផ្ដើមរីកចម្រើនបណ្ដើរៗនាពេលថ្មីៗនេះ តែនៅមានចំណាយ ខ្ពស់នៅឡើយ សម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការប្រកួតប្រជែងកើនឡើង ចំណាយ និង ប្រសិទ្ធភាពពាក់ព័ន្ធនឹងសេវាទូទាត់និងដឹកជញ្ជូន នឹងមានកែលម្អ នាពេលខាងមុខ ហើយពេលនេះប្រហែលជាពេលល្អ ដើម្បីចាប់ផ្ដើមអាជីវកម្ម អនឡាញនៅកម្ពុជា។

ការបង្កើតជា ទីផ្សារអនឡាញ (marketplace) នឹងមានសក្ដានុពលជាគេ ក្នុងការសម្រេចបាននូវកំណើនខ្ពស់។

៧. ការលក់ទំនិញឬសេវាដល់ទីកន្លែង

សម្រាប់ប្រភេទអតិថិជន ដែលខ្លាចរអារចំពោះការទិញទំនិញអនឡាញ គំរូអាជីវកម្មមួយដែលអាចឆ្លើយតបបាន​ គឺតូបលក់ទំនិញចល័ត ។

តែការផ្ដល់ភាពងាយស្រួលបែបនេះអាចនាំឳ្យពិបាកក្នុងការធានានូវភាពស្មោះត្រង់របស់អតិថិជន ពីព្រោះ អតិថិជនមិនអាចទិញទំនិញឬ សេវាបាននៅគ្រប់ពេលដែលពួកគាត់ត្រូវការ។​ តែ ជាមួយនឹង៖ ១)ការធ្វើប្រែនឌីងច្បាស់លាស់, ២)ការកំណត់ម៉ោងឆ្លងកាត់ទៀតទាត់ និង ៣)ទំនោរទៅរកការរស់នៅជាលក្ខណៈប្រមូលផ្ដុំនៅក្នុងបូរី កាន់តែច្រើន អាជីវកម្ម បែបអាចរកភាពជោគជ័យបាន ។

One thought on “គំនិតអាជីវកម្ម ពាក់ព័ន្ធនឹងការកកស្ទះចរាចរ”

  1. កាលពីជំនាន់សម្ដេចតាមានផ្លូវដែកសំរាប់ដឹកជញ្ចូនតែដល់ជំនាន់សម្ដេចហ៊ុនសែនវិញដឹកសុទ្ធតែកុងធន័រលើផ្លូវគោកច្បារអំពៅស្ទះរាល់ថ្ងៃគ្រោះថ្នាក់ក៏ច្រើន
    នេះរឺទីក្រុងគុជ?

Leave a Reply

Your email address will not be published. Required fields are marked *