ផែនការអាជីវកម្ម (Business Plan) ជាអ្វី?

ផែនការអាជីវកម្ម គឺជាផែនទីបង្ហាញផ្លូវមួយដែលបង្ហាញ អំពីគោលដៅដែលសហគ្រិនចង់សម្រេចបាន ព្រមទាំងបែបបទនិងយុទ្ធសាស្ត្រនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅនោះ។

សម្រាប់ធ្វើអ្វី?

ពិតមែនតែអ្នកដឹកនាំក្រុមហ៊ុនអាចប្រើផែនការអាជីវកម្ម ជាផែនទីតម្រង់ទិសក្នុងកិច្ចដំណើរការក្រុមហ៊ុន តែជាញឹកញាប់បំផុត ផែនការអាជីវកម្មត្រូវបានសម្រាប់ស្វែងរកហិរញ្ញប្បទានពីសហស្ថាបនិក, វិនិយោគិនសក្ដានុពល និងធនាគារ។ ទម្រង់ សារធាតុ និងទំហំនៃផែនការអាជីវកម្ម ក៏ត្រូវប្រើប្រួលទៅតាមកម្មវត្ថុរបស់អ្នកអានផងដែរ។ សម្រាប់​អ្នកអានជាសហស្ថាបនិក ផែនការនេះត្រូវតែបង្ហាញថា ក្រុមហ៊ុនអាចមានដំណើរការវែងឆ្ងាយ និងមានឳកាសទទួលបានប្រាក់ចំណេញ។ សម្រាប់ធនាគារ ផែនការនេះត្រូវតែបង្ហាញថា ក្រុមហ៊ុនមានលទ្ធភាព​បង្កើតបាននូវលំហូរសាច់ប្រាក់ទៀងទាត់ ដើម្បីអាចបំពេញកាតព្វកិច្ច​ទូទាត់ការប្រាក់និងសងប្រាក់តាមកាលកំណត់។ សម្រាប់អ្នកអានជា ​វិនិយោគិនវិញ ផែនការអាជីវកម្មត្រូវបង្ហាញថា គម្រូអាជីវកម្មរបស់ ក្រុមហ៊ុនមានលក្ខណៈគួរឳ្យចាប់អារម្មណ៍, ទីផ្សារមានទំហំធំគ្រប់គ្រាន់, ក្រុមហ៊ុនមានប្រៀបលើទីផ្សារនិងគូប្រកួតប្រជែង, ហើយវិនិយោគិនអាចមានលទ្ធភាពលក់ភាគហ៊ុនរបស់ខ្លួនចេញនៅពេលសមស្របណាមួយ។

មានប៉ុន្មានទំព័រ?

ផែនការអាជីវកម្មអាចមានទ្រង់ទ្រាយសង្ខេបតែមួយទំព័រ ដោយនិយាយ តែអំពីផលិតផល, គម្រូអាជីវកម្ម និងការព្យាករណ៍ហិរញ្ញវត្ថុ ប្រសិនបើ​លោកអ្នកគ្រាន់តែប្រើវាសម្រាប់ទុកប្រើប្រាស់ផ្ទាល់ខ្លួន ឬដើម្បីស្វែងរកសហស្ថាបនិក។  តែផែនការអាជីវកម្មអាចវែងជាងនេះប្រសិនបើលោកអ្នក​ប្រើប្រាស់វាដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ ឬពីវិនិយោគិនខាងក្រៅ។

និយាយពីអ្វីខ្លះ?

ជាទូទៅ ផែនការអាជីវកម្មត្រូវបង្ហាញអំពី៖ ១)សេចក្ដីត្រូវការឬបញ្ហាដែលមាន និងផលិតផលដើម្បីបំពេញសេចក្ដីត្រូវការឬដោះស្រាយបញ្ហានោះ, ២)គម្រូអាជីវកម្មដោយបង្ហាញអំពីចំណាយដើម្បីទទួលបានអតិថិជននិងចំណូលដែលរំពឹងទុក, ៣)ការវិភាគអំពីការប្រកួតប្រជែងបច្ចុប្បន្ននិងអនាគត, និង ៤)ថ្នាក់ដឹកនាំក្រុមហ៊ុន។

ជារួម ផែនការអាជីវកម្មត្រូវបានរៀបចំជាផ្នែកដែលមាន​ប្រហាក់ប្រហែលដូចខាងក្រោម៖

 1. សង្ខេបផែនការ
 2. ពន្យល់អំពីផលិតផល
 3. វិភាគទីផ្សារនិងការប្រកួតប្រជែង
 4. បង្ហាញអំពីយុទ្ធសាស្ត្រម៉ាឃិទីង
 5. បង្ហាញរចនាសម្ព៏ន្ធដឹកនាំនិងការដាក់ពង្រាយបុគ្គលិក
 6. បង្ហាញការវិភាគហិរញ្ញវត្ថុ
 7. ឧបសម្ព៏ន្ធបើមាន។

អត្ថបទពាក់ព័ន្ធ៖⁣ ផែនការអាជីវកម្មគម្រូសង្ខេប (ពាណិជ្ជកម្មអនឡាញ)

ធ្វើបច្ចុប្បន្នកម្មទៀតទាត់

ប្រសិនបើលោកអ្នកប្រើប្រាស់ផែនការអាជីវកម្ម ជាផែនទីបង្ហាញផ្លូវសម្រាប់​ការដឹកនាំក្រុមហ៊ុននោះ លោកអ្នកគួរធ្វើបច្ចុប្បន្នកម្មឳ្យបានទៀតទាត់ ជាពិសេស ប្រសិនបើស្ថានភាពទីផ្សារមានការប្រែប្រួលច្រើន, ឬលោកអ្នកចាប់ផ្តើមលក់ផលិតផលថ្មី, ឬមានការដោះដូររចនាសម្ព័ន្ធដឹកនាំ, ឬក្រុមហ៊ុនលោកអ្នកបានឆ្លងកាត់ដំណាក់កាលវិវត្ថន៍ដ៏សំខាន់មួយ ជាដើម។

15 thoughts on “ផែនការអាជីវកម្ម (Business Plan) ជាអ្វី?”

 1. តើបងមានគំរូអាជីវកម្មជាភាសាខ្មែរឬទេ ខ្ញំុចង់បានគំរូអាជីវកម្មបែបនោះ

  1. អរគុណចំពោះការចាប់អារម្មណ៍។​ ខ្ញុំនឹងរៀបចំឆាប់ៗ។

  1. អរគុណចំពោះការចាប់អារម្មណ៍។​ ខ្ញុំនឹងរៀបចំឆាប់ៗ។

 2. ជំរាបសួរបង !​ នាងខ្ញុំសុំគំរូតារាងផែនការមូួយច្បាប់។
  អរគុណ!

  1. ខ្ញុំនឹងបង្ហាញនាពេលប៉ុន្មានថ្ងៃខាងមុខ ។ អរគុណ ចំពោះការចាប់អារម្មណ៍។

 3. សូមជំរៀបសួរ និង សូមសរសើរ បងប្រុសណាស់ ដែលបានតាក់តែង ទំព័រនេះ ដោយប្រើ ខេមរៈភាសារ ពន្យល់ខ្លីៗ តែខ្លឹម ពី គំរូរផែនការអាជីវកម្ម ដែលត្រូវការជាចាំបាច់សំរាប់ សហគ្រិនកម្ពុជា។

  ការវិភាគទាន របស់បង នឹង រួមចំណែកយ៉ាងធំធេង ដល់ការ អភិវឌ្ឍ ជំនាញរៀបចំ ជំនួញ ប្រកបដោយស្តង់ដារ។

  សូមជូនពរ បង និង ក្រុមការងារ អោយទទួលបាន ការគាំទ្រ និង ជោគជ័យ គ្រប់ប្រការ

  ពីខ្ញុំ ឆយ ឆវុធ

  1. សូមអរគុណចំពោះការសរសើរ និងលើកទឹកចិត្ត។ សូមជួយផ្ដល់មតិផងប្រសិនបើមានចំណុចត្រូវបន្ថែម ឬកែលម្អ ឬមានប្រធានបទផ្សេងៗដែលលោកយល់ថា មានប្រយោជន៍សម្រាប់សហគ្រិនយើង។
   សូមអរគុណ និងជូនពរសុខភាពល្អ និងជោគជ័យគ្រប់យ៉ាង។

  1. Thank you for your interest. Please make sure that you already subscribed to your newsletter. You will promptly notified of our publication in a timely manner.
   Please stay tuned, and good luck to your business project.

 4. ជំរាបសួរបង !​ នាងខ្ញុំសុំគំរូតារាងផែនការមូួយច្បាប់។
  អរគុណ!

  1. អរគុណចំពោះការចាប់អារម្មណ៍។​ ខ្ញុំនឹងបង្ហាញជូននាពេលឆាប់ៗខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *