Farming Cambodia

បង្កើតអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាកសិផលសល់

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញថា ដំណាំកសិកម្មរបស់ ប្រជាកសិករ  មានការកើនឡើងជាលំដាប់ ដែលជាញឹកញាប់បានធ្វើឳ្យកសិផលខ្លះសល់មិនអាចរកទីផ្សារបាន ឬត្រូវលក់ក្នុងតម្លៃថោកទៅឈ្មួញកណ្ដាល។

បញ្ហានេះកើតឡើងដោយសារតែទំហំអាជីវកម្ម(ផ្ទៃដីដាំដុះ) កាន់តែធំ, បច្ចេកទេសដាំដុះថ្មីៗដែលផ្ដល់ទិន្នផលកាន់តែខ្ពស់, ការហូរចូលនៃផលិតផលនាំចូលពីប្រទេសជិតខាងដែលមានថ្លៃថោក, ការខ្វះខាតនូវយន្ដការសហការគ្នារវាងកសិករដើម្បីកាត់បន្ថយការប្រមូលផលស្របពេលគ្នា និងដើម្បីបង្កើនអំណាចចរចាជាមួយឈ្មួញកណ្ដាល, ការខ្វះខាតនូវព័ត៌មានបច្ចុប្បន្នភាពអំពីថ្លៃទីផ្សារនៅតាមផ្សារនីមួយ ជាដើម។

អាចមានឳកាសបង្កើតអាជីវកម្មមួយចំនួនដូចខាងក្រោម ដើម្បីដោះស្រាយបញ្ហានេះ(គំនិតខាងក្រោមនេះគ្រាន់តែជាគំនិតដំបូង ដែលមិនទាន់បានវាយតម្លៃទីផ្សារនៅឡើយទេ)៖

១. បង្កើតអាជីវកម្មផ្នែករក្សាទុកនិងវេចខ្ចប់

ផលិតផលកសិកម្មមានថ្លៃទាប ដោយសារតែបរិមាណផលិតផលច្រើនមកដល់ ទីផ្សារក្នុងពេលតែមួយ, ឬការខ្វះខាតការវេចខ្ចប់ដើម្បីធានាអនាម័យ ដែលនឹងពិបាកចែកចាយតាមផ្សារទំនើប ។ អាស្រ័យហេតុនេះ អាជីវកម្មថ្មីនេះអាចផ្តល់សេវាវេចខ្ចប់សម្រាប់កសិករ និងជួយទាក់ទាញ អ្នកលក់រាយ ឳ្យចែកចាយផលិតផលវេចខ្ចប់នេះ ។

ផលិតផលខ្លះអាចត្រូវបានស្ដុកទុកសម្រាប់លក់នៅក្រៅរដូវ​ប្រមូលផលដើម្បីទទួលបានតម្លៃខ្ពស់ជាង។ កសិផលមួយចំនួនអាចត្រូវបានស្ដុកទុក ក្នុងបន្ទប់ត្រជាក់ រហូតដល់ផុតរដូវប្រមូលផល រួចទើបចែកចាយ ទៅទីផ្សារនៅក្រៅរដូវ ដោយអាចលក់បានក្នុងថ្លៃខ្ពស់ជាងក្នុងរដូវ។ ដោយហេតុថា អគ្គីសនីមានថ្លៃខ្ពស់ អាជីវកម្មថ្មីនេះអាចស្វែងរកនិងប្រើប្រាស់ បច្ចេកទេសរក្សាភាពត្រជាក់ពីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គីសនីអោយបានជាអតិបរមា នៅក្នុងបន្ទប់ត្រជាក់។

២. បង្កើតអាជីវកម្មផ្នែកកសិកម្មតាមកិច្ចសន្យា

ជាជាងរង់ចាំទិញកសិផលនៅរដូវប្រមូលផល ដែលអាចប្រឈមនឹងបញ្ហាខ្វះស្តង់ដារនិងខ្វះអនាម័យ អាជីវកម្មថ្មីនេះអាចចុះកិច្ចសន្យាទិញ កសិផលតាំងពីដើមរដូវ ដោយកំណត់នូវលក្ខខណ្ឌនៃការទិញលក់ និង​លក្ខខណ្ឌនៃការផលិតទៅតាមស្តង់ដារជាមុន។

ការធ្វើបែបនេះនឹងមានភាពងាយស្រួល ក្នុងការធ្វើប្រែនឌីង និងការចែកចាយទៅតាមទីផ្សារ ដោយប្រើប្រាស់ម៉ាកយីហោតែមួយ។

៣. បង្កើតម៉ាកយីហោសម្រាប់ផលិតផលដែលចូលរួម

ស្រដៀងនឹងអាជីវកម្មវេចខ្ចប់ក្នុងចំណុចទី១ខាងលើ ហើយស្រដៀងនឹងការកំណត់ម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រដែរ យើងអាចមានអាជីវកម្មមួយដែលទទួលបន្ទុកបង្កើតម៉ាកយីហោមួយសម្រាប់ ផលិតផល​កសិកម្មមួយ និងផ្ដល់សេវាវេចខ្ចប់ពាក់ព័ន្ធ ហើយកសិករដែល​ចង់ចូលរួម ត្រូវគោរពតាមលក្ខខណ្ឌនិងស្តង់ដារនៃការផលិត ហើយត្រូវ​បង់ថ្លៃមួយចំណែកសម្រាប់សេវាវេចខ្ចប់, ការធ្វើប្រែនឌីងរួមគ្នា និងការចែកចាយនៅលើទីផ្សារ។

អាជីវកម្មទាំងបីខាងលើ គឺសំដៅទៅការបង្កើតការវេចខ្ចប់រួមគ្នា ដើម្បីងាយស្រួលក្នុងការធ្វើប្រែនឌីង និងការចែកចាយរួមគ្នា ។

៤. បង្កើត Platform ប្រមូលផ្ដុំព័ត៌មាន

ជាជាងការចូលរួមនៅក្នុងទទួលរងហានីភ័យរបស់វិស័យនេះ អាជីវកម្មថ្មី​របស់យើងអាចយកចិត្តទុកដាក់ត្រឹមការផ្ដល់នូវទិន្នន័យទីផ្សារលម្អិតទៅតាមប្រភេទផលិតផល និងជួយសម្រួលដល់ការជួបគ្នារវាងអ្នកផលិត និងអ្នកចែកចាយ ឬអ្នកទិញ។

ក្នុងករណីនេះ អាជីវកម្មថ្មីអាចទាញចំណូលពីអ្នកប្រើប្រាស់ តាមរយៈ ការផ្សាយពាណិជ្ជកម្ម និង/ឬការគិតថ្លៃសេវាសម្រាប់ការចុះបញ្ជីផលិតផល, និង/ឬការកាត់យកមួយចំណែកនៃទឹកប្រាក់ដែលអ្នកលក់និងអ្នកទិញបានទូទាត់គ្នា។

4 thoughts on “បង្កើតអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាកសិផលសល់”

  1. ខ្ញុំឈ្មោះ សុខហេង ជាកសិករផលិតបន្លែសរីរាង្គនៅលើដីចំការរបស់ខ្ញុំនៅជាប់នឹងទំនប់អាងទឹកវារីអគិសនីអន្លង់ជ្រៃខេត្តកំពង់ឆ្នាំង-កំពង់ស្ពឺ។ តើខ្ញុំអាចរករៀនពីវិធីវេចខ្ចប់ កសិផលនិងវិធីរក្សាទុកកសិផលនៅឯណាទៅ? សូមមេត្តាជួយប្រាប់ផង! សូមអរគុណទុកជាមុន។ លេខទំនាក់ទំនង របស់ខ្ញុំគឺ 011363788។

    1. ខ្ញុំមិនដឹងថា មានវគ្គបង្រៀនខ្លីៗឬអត់នោះទេ។ តែគួរសាកល្បងសួរនាំនៅសាកលវិទ្យាល័យចំការដូង ឬវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ប៉ុន្តែ នៅលើអ៊ិនថើណែត ក៏សំបូរព័ត៌មានណាស់ដែរ ដែលយើងអាចយកមកសាកល្បងមើលបាន ។
      ជូនពរ សំណាងល្អ

Leave a Reply

Your email address will not be published. Required fields are marked *