Business Partner

វិនិយោគិនចង់ដឹងពីអ្វីខ្លះ មុននឹងចូលហ៊ុន?

ភាគហ៊ុនគឺប្រភពហិរញ្ញប្បទានដែលមានការពេញនិយមជាងគេ ដើម្បី ទ្រទ្រង់ក្រុមហ៊ុនក្នុងដំណាក់កាលកំណើន។ តែមុននឹងសម្រេចចិត្តចូលហ៊ុននៅក្នុងក្រុមហ៊ុនមួយ វិនិយោគិនដែលជាភាគហ៊ុនិកសក្ដានុពល តែងចង់ដឹងអំពីចំណុចដូចខាងក្រោម៖

ស្ថានភាពហិរញ្ញវត្ថុ

វិនិយោគិនតែងចង់ដឹងអំពី៖ ១)ស្ថានភាពហិរញ្ញវត្ថុរយៈពេលខ្លី (ក្រុមហ៊ុនមានធនធានរយៈពេលខ្លីគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរយៈពេលខ្លី ឬទេ?), ២)អត្រាកំណើន ឬសញ្ញាអំពីកំណើននៃចំណូល, ៣)អត្រាប្រាក់ចំណេញ បច្ចុប្បន្ននិងអនាគតរំពឹងទុក។

បទពិសោធន៍និងជំនាញរបស់អង្គប្រតិបត្តិ

មានស្ថានភាពហិរញ្ញវត្ថុល្អហើយ ក្រុមហ៊ុនត្រូវមានអង្គប្រតិបត្តិមានសមត្ថភាព និង/ឬបទពិសោធន៍សមស្រប ដើម្បីធានាដល់ការរក្សាភាពឈ្នះរបស់ក្រុមហ៊ុននៅលើទីផ្សារ ក៏ដូចជាសមត្ថភាពក្នុងការសម្របខ្លួន ទៅនឹងបរិដ្ឋានទីផ្សារនិងសេដ្ឋកិច្ចដែលប្រែប្រួល។

វិនិយោគិនក៏ចង់ស្វែងយល់ផងអំពីភាពអាចបន្ស៊ីបាននៃយុទ្ធសាស្ត្រ របស់អង្គប្រតិបត្តិ (រួមទាំងភាគហ៊ុនិកដែលមានស្រាប់) និងទស្សនៈរបស់ ខ្លួននៅក្នុងការដឹកនាំក្រុមហ៊ុន។

លក្ខណៈពិសេសរបស់ក្រុមហ៊ុន

វិនិយោគិនតែងស្វែងយល់អំពីលក្ខណៈពិសេសនៃផលិតផលឬសេវារបស់ក្រុមហ៊ុន, អំពីការមានប្រៀបនិងអាចការពារបានចំពោះមុខគូប្រជែង, និងតម្លៃនៅក្នុងសង្គមជាដើម។

គម្រូអាជីវកម្មរបស់ក្រុមហ៊ុន

វិនិយោគិនក៏ចាប់អារម្មណ៍ណាស់ដែរអំពីគម្រូអាជីវកម្មរបស់ក្រុមហ៊ុន៖ តើក្រុមហ៊ុនព្យាយាមដោះស្រាយអ្វីនៅលើទីផ្សារ? តើក្រុមហ៊ុនទាក់ទាញអតិថិជនតាមវិធីណា? ត្រូវចំណាយប៉ុន្មាន ដើម្បីទទួលបានអតិថិជន នោះ? តើទាញចំណូលពីអតិថិជនទាំងនោះតាមវិធីណា?

គម្រូអាជីវកម្មលក្ខណៈប្រពៃណី (លក់ផលិតផលនៅថ្លៃមួយដែលស្មើនឹងថ្លៃដើម បូកនឹងប្រាក់ចំណេញក្នុងមួយឯកតា) អាចត្រូវការពេលវេលាច្រើន ដើម្បីបង្កើនចំណែកទីផ្សារ និងចំណូល។​

គម្រូអាជីវកម្មខ្លះ មិនតម្រូវទៅលើការលក់ផលិតផលផ្ទាល់ តែអាចពឹងផ្អែកលើចំណូលពីប្រភពផ្សេងទៀតដូចជា ការផ្សាយពាណិជ្ជកម្មជាដើម ។

ទំហំទីផ្សារ

តែទោះជាយ៉ាងណាក៏ដោយ កត្តាដែលសំខាន់ជាងគេ ក្នុងការសម្រេចចិត្ត របស់វិនិយោគិន គឺទំហំទីផ្សារសរុប និងចំណែកទីផ្សារដែលក្រុមហ៊ុនរំពឹង ថានឹងទទួលបាន ។

ចំណែកទីផ្សារនេះ សំដៅទៅមូលដ្ឋានអតិថិជន ដែលក្រុមហ៊ុនអាចប្រកួតប្រជែងដណ្ដើមយក លើរយៈកាលមួយកំណត់ ដោយពឹងផ្អែកលើ គម្រូអាជីវកម្ម និងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន។

Leave a Reply

Your email address will not be published. Required fields are marked *