គំនិតអាជីវកម្មប្លែកៗ ដែលបានជោគជ័យ

មានឳកាសច្រើនណាស់ ដែលអាចធ្វើអាជីវកម្មបាន។ ជួនកាល ជាគំនិតសាមញ្ញ ឬ ជួនកាល ជាគំនិតចម្លែក ដែលអនុញ្ញាតឳ្យម្ចាស់អាជីវកម្ម ក្លាយជាសេដ្ឋីបាន។

ខាងក្រោមនេះ គឺជាគំនិតអាជីវកម្មចម្លែកៗ មួយចំនួន ដែលម្ចាស់អាជីវកម្មអាចក្លាយជាសេដ្ឋី៖

1. អន្ទាក់សង្កើច

ប្រសិនបើលោកអ្នក ធ្លាប់ស្នាក់នៅ ផ្ទះសំណាក់ថោកៗ ឬ នៅផ្ទះដែលមិនសូវមានការបោសសម្អាតញឹកញាប់ លោកអ្នកប្រាកដជាធ្លាប់ជួបប្រទះ នឹងសត្វសង្កើច ដែលមកខាំលោកអ្នក ពេលលោកអ្នកសំរាន។

លោក Tony Abrams បានសង្កេតឃើញបញ្ហានេះ ហើយអាចរកលុយបានរាប់លានដុល្លារ ពីអាជីវកម្មរបស់គាត់ ដោយគាត់បានច្នៃប្រឌិត នូវ ឧបករណ៍សម្រាប់ទាក់សង្កើច ដែលដាក់នៅជើងគ្រែ ។ ចឹង រាល់ពេលដែលសង្កើចវារឡើងជើងគ្នា វានឹងជាប់អន្ទាក់ហ្នឹង។

ក្រុមហ៊ុនរបស់គាត់ឈ្មោះ Bed Bug Barriers។

2. ជួលមាន់

1001 Stores
1001 Stores

លោកអ្នកប្រាកដជាសួរខ្លួនឯងថា តើមានអ្នកណា ដែលចង់ជួល មាននោះ?

តែជាក់ស្ដែងគឺ មានតម្រូវការ។ អ្នកនៅក្នុងក្រុងខ្លះ ចង់ចិញ្ចឹមមាន់ តែ មានលំបាក់ក្នុងការមើលថែ ជាពិសេស នៅពេលវិស្សមកាល (វ៉ាកង)។

ប្ដីប្រពន្ធ២នាក់ នៅអាមេរិក បានសហការគ្នា បង្កើតក្រុមហ៊ុនមួយឈ្មោះ Rent-A-Chicken ដែលបានដាក់ឈ្មោះតាមលំនាំ Rent-A-Car ដើម្បីព្យាយាមដោះស្រាយបញ្ហានេះ ដោយ គិតថ្លៃសេវា ស្មើនឹង ២៥០ដុល្លារ សម្រាប់មួយរដូវវ៉ាកង។

មើលមើល៍ អ្នកទីក្រុង ចង់ចិញ្ចឹមឬអត់? ថ្លៃសេវាហ្នឹង ថ្លៃជាងមាន់ទៀត ។

3. សេវាអ្នកស្រវឹង

ជួនកាល លោកអ្នកជប់លាងនៅផ្ទះ ដល់យប់ជ្រៅហើយស្រវឹងទៀត។ ព្រឹកឡើង លោកអ្នកនៅតែស្រវឹង ដើរមិនទាន់ត្រង់ជួរ មិនអាចធ្វើអីញ៉ាំពេលព្រឹក (នៅអាមេរិក គេអត់សូវសំបូរគុយទាវ ឬ បាយមាន់ តាមផ្លូវដូចយើងទេ)។ ផ្ទះលោកអ្នក ពោរពេញ ទៅដោយសំរាម និង ភាពកខ្វក់។

ជាជាង ធ្វើអីញ៉ាំពេលព្រឹក និងបោសសម្អាតផ្ទះដោយខ្លួនឯង លោកអ្នក អាចខលហៅ ក្រុម Hangover Helpers ។ និស្សិត២នាក់ ដែលជាស្វាបនិកអាជីវកម្មនេះ អាចជួយលោកអ្នក ដើម្បីសម្រួលទុក្ខលំបាកនេះ បានច្រើន ដោយនាំមកនូវអាហារពេលព្រឹក ហើយជួយ លាងចាន បោសសម្អាត និង យកសំរាមទៅបោះចោល ជំនួសលោកអ្នកបាន។

គិតថា ជាគំនិតអាជីវកម្មគួរឳ្យចង់សើចមែនទេ? ពួកគាត់ត្រូវបាន គេសម្ភាសគាត់ច្រើនណាស់ ហើយ ពួកគាត់មិនខ្វះទេ អតិថិជន។

4. កន្លែងបោក

លោកអ្នកមានដែល បោកចាន បោកឆ្នាំងទេ? លោកអ្នកមានដែលមួរម៉ៅ ឬ ខឹង ហើយ បោកចាន ឆ្នាំង កែវ ពេង ដប អីទេ? ហើយបន្ទាប់ពីបោក បោះ ហើយ លោកអ្នកមានអារម្មណ៍ធូរស្រាលខ្លះទេ?

ហ្នឹងហើយជាគំនិតអាជីវកម្មមួយ ដែលបង្កើត The Smashing Place។ អាជីវកម្មនេះ ស្ថិតនៅទីក្រុងតូក្យូ ដែលមានលក់ចាន ឬ កែវ ហើយ អនុញ្ញាតឳ្យអតិថិជន បោកចាន ឬកែវនោះ ទៅលើជញ្ជាំងថ្ម។ អតិថិជន អាច ស្រែក លោតទន្ទ្រាំ ជាដើម ដើម្បីកាត់បន្ថយស្ត្រេស ។

ចុះបើបើកនៅស្រុកយើង ប្រហែលប្រុសៗ លែងសូវវាយប្រពន្ធកូនហើយ មែនទេ?

 

 

5. I Do, Now I Don’t

គូដណ្ដឹងរបស់លោក Josh Opperman បានផ្ដាច់ពាក្យពីគាត់ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នា រយៈពេល ៣ខែ ហើយទទួលបាននូវ ចិញ្ជៀនភ្ជាប់ពាក្យមកវិញ។ គាត់ក៏យកចិញ្ជៀននោះ ទៅលក់នៅកន្លែងដែល គាត់បានទិញ។ តែហាងនោះ ព្រមទិញទៅវិញនៅថ្លៃ ៣៥០០$ សម្រាប់ ចិញ្ជៀន ដែលគាត់បានទិញនៅថ្លៃ ១០,០០០$ ។

ដោយខឹងអ្នកលក់ពេក គាត់មិនមែនវាយអ្នកលក់ទេ តែគាត់បានបង្កើត គេហទំព័រ I Do, Now I Don’t ដែលអនុញ្ញាតឳ្យអតិថិជន អាច ដាក់ចិញ្ជៀនភ្ជាប់ពាក្យ ឬ គ្រឿងអលង្ការអីផ្សេង ក្នុងថ្លៃល្អជាង សម្រាប់ ទាំងអ្នកលក់ និងអ្នកទិញ។

គេហទំព័រនេះ ទទួលបានជោគជ័យដ៏មិនគួរឳ្យជឿ ហើយទទួលបាន ការចាប់អារម្មណ៍ ពីកាសែត ទូរទស្សន៍ធំៗជាច្រើន ។

6. កន្លែងបន្ទោរបង់របស់សត្វចិញ្ចឹម

1001 Stores
1001 Stores

បើលោកអ្នករស់នៅទីក្រុង ហើយមានចិញ្ចឹមសត្វ នៅផ្ទះ លោកអ្នកប្រាកដជាជួបបញ្ហាញឹកញាប់ នៅពេលជាប់រវល់ធ្វើការ ឬលោកអ្នកទៅដើរកម្សាន្តនៅទីឆ្ងាយ ។ ពីព្រោះ លោកអ្នកត្រូវ ប្រញាប់ប្រញាល់រកពេលដើម្បី បញ្ចេញឆ្កែឆ្មា ទាំងនោះ ទៅក្រៅ ដើម្បីឳ្យជុះ។

The Pet Loo ត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់សម្រាប់ឳ្យសត្វទាំងនេះ អាចជុះ ពីលើបាន។ វាជាផ្ទាំងស្មៅសិប្បនិម្មិត ដែលមានបង្កប់នូវ ប្រព័ន្ធ គ្រប់គ្រងការបញ្ចេញចោល របស់សត្វ។ លោកអ្នកអាចប្រើប្រាស់វា នៅក្នុងផ្ទះ ឬក្នុងរបង ឬនៅរាលហាល។

 

 

សរុប

គំនិតអាជីវកម្ម ជួនកាល មានលក្ខណៈប្លែកៗបែបនេះ តែវាមានលក្ខណៈរួមមួយ គឺ វាជួយឆ្លើយតប ទៅនឹង សេចក្ដីត្រូវការអ្វីមួយ ដែលជួនកាល អតិថិជនខ្លួនឯង មិនបានចាប់អារម្មណ៍។ ជាញឹកញាប់ អតិថិជន ទើបចាប់ផ្ដើម ចាប់អារម្មណ៍ នៅពេលឃើញមានការផ្គត់ផ្គង់ តែប៉ុណ្ណោះ។

តែក្នុងករណីណាក៏ដោយ ការចាប់ផ្ដើមអាជីវកម្ម ជាការលំបាកបំផុត តែជាការលំបាក ដែលគ្រប់គ្នា ត្រូវស៊ូទ្រាំ ប្រសិនបើគ្រប់គ្នា ចង់ទទួលទទួល សេរីភាពហិរញ្ញវត្ថុ។